រាត្រីហាលឡូវីននៅផាប់ស្រ្ទីត សៀមរាប ២០២៥ ទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវ
សៀមរាប៖រាត្រីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃនៃពិធីបុណ្យ ហាលឡូវីន (Halloween)ដែលជាពិធីបុណ្យបែបបរទេសនៅផាប់ស្រ្ទីត(Pub Street)ដែលតំបន់កម្សាន្តល្បីឈ្មោះក្នុងក្រុងសៀមរាប ខេត្តសៀមរាបពោរពេញទៅដោយទិដ្ឋភាពប្លែកៗ សំឡេងសើចក្អាកក្អាយ លាយឡំដោយពន្លឺភ្លើងពណ៌ ។

អាន៖នៅវិថីរាត្រីក្នុងក្រុងសៀមរាប នារាត្រីពិធីបុណ្យ ហាលឡូវីន បានបង្ហាញនូវបរិយាកាសដ៏សែនព្រឺព្រួចលាយឡំ
នឹងភាពសប្បាយរីករាយ។ភ្ញៀវទេសចរជាតិ អន្តរជាតិពពាក់ពពូនបានកម្សាន្តនៅតំបន់នេះជាមួយការថតរូបភាពប្លែកៗ។បុគ្គលិកបម្រើការនៅភោជនីយដ្ឋាននិងរង្គសាលជាច្រើនបានតុបតែងខ្លួនដែលមើលទៅគួរឱ្យខ្លាច។ ជាបន្ថែមជាមួយចង្វាក់ភ្លេង និងការសម្តែងផ្សេងៗបានធ្វើឱ្យភ្ញៀវទេសចរជាច្រើនចាប់អារម្មណ៍និងចូលរួមសប្បាយបែបខ្មែរផ្ទាល់។

ពិធីនេះត្រូវបានចាត់ទុកក្លាយជាឱកាសមួយបង្កើតបរិយាកាសកម្សាន្តជូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបង្កើនចំណូលសម្រាប់អ្នករកស៊ីក្នុងវិស័យទេសចរណ៍នារដូវបៃតង នេះផងដែរ។

គប្បីជម្រាបជូនថា ពិធីបុណ្យ Halloween ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៣១ ខែតុលាជារៀងរាល់ឆ្នាំដោយមនុស្សជាច្រើននៅជុំវិញពិភពលោក។ប្រពៃណីនេះមានគោលបំណងកំញើញព្រលឹងមនុស្សស្លាប់ ប៉ុន្តែបច្ចុប្បន្នត្រូវបានប្រារព្ធឡើងដោយមនុស្សគ្រប់វ័យក្នុងការស្លៀកពាក់សំលៀកបំពាក់ចម្លែកៗ ការតុបតែងមុខគួរឱ្យខ្លាច ការចែកស្ករគ្រាប់ និងការសប្បាយរីករាយជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍ ៕
ដោយ៖ប៊ុនរដ្ឋា


