ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បើកយុទ្ធនាការមូលនិធិគន្ធបុប្ឆាកម្ពុជា ក្រោមប្រធានបទ “ ១ ម៉ឺនយួរ ១ ម៉ឺនរៀល” ដើម្បីអបអរសាទរខួបទី២៥ឆ្នាំ របស់ខ្លួន

(ភ្នំពេញ)៖ ក្រុមហ៊ុនទឹកពិសា ហាយ-ធិច ដើម្បីអបអរសាទរខួប២៥ឆ្នាំ របស់ខ្លួន បានរៀបចំយុទ្ធនាការមូលនិធិគន្ធបុប្ឆាកម្ពុជា ក្រោមប្រធានបទ “១ ម៉ឺនយួរ ១ ម៉ឺនរៀល” ប្រមូលថវិកាឲ្យបាន ១០០លានរៀល ដើម្បីជួយកុមារកម្ពុជា ។ ទឹកពិសារ ហាយ-ធិច គឺជាផលិតផលក្នុងស្រុក ដែលបានបង្កើតឡើងដំបូងនៅឆ្នាំ២០០០ ជាទឹកពិសារដែលមានការប្រកាន់យកនូវគោលការណ៍គុណភាព និងអនាម័យ និងត្រូវបានពលរដ្ឋខ្មែរទូទៅបានឲ្យតម្លៃ និងជឿទុកចិត្តពីសំណាក់អតិថិជនខ្មែរ ។ កម្មវិធីសប្បុរសធម៌នេះ បាននឹងកំពុងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (AEON 2) ក្នុងរាជធានីភ្នំពេញ ។ កម្មវិធីសប្បុរសធម៌ អបអរសាទរខួបទី២៥ នៅឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួម ពីសំណាក់ឧកញ្ញ៉ា លាង សាំង អគ្គនាយកក្រុមហ៊ុន SL HI-TECH CO,.LTD និងលោកស្រី ខ្លឹង ផល្លី អគ្គនាយិកាក្រុមហ៊ុន និងបុគ្គលិកក្រុមហ៊ុន ទំាងអស់ផងដែរ ។

ឧកញ្ញ៉ា អគ្គនាយកក្រុមហ៊ុនទឹកពិសារ ហាយ ធិច បានថ្លែងក្នុងឱកាសនោះថា ដើម្បីអបអរសាទរការខិតខំប្រឹងប្រែង និងដំណើរការដ៏ជោគជ័យរយៈពេល ២៥ឆ្នាំរបស់ទឹកពិសា ហាយ-ធិច របស់ក្រុមហ៊ុន SL HI-TECH CO,.LTD ដែលបានឈរជើងយ៉ាងរឹងមាំក្នុងប្រទេសកម្ពុជា ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន ដែលកើតចេញពីការប្ដេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុន ការផ្តោតលើការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាព នៃផលិតផលជាចម្បង ទើបនាំឲ្យគ្រប់ផលិតផលរបស់ក្រុមហ៊ុនទឹកពិសា ហាយ-ធិច តែងតែទទួលបានការជឿទុក ចិត្តពីសំណាក់អតិថិជន ។

ក្រុមហ៊ុន តែងប្រកាន់យកនូវគោលការណ៍គុណភាព ទើបបាននាំឲ្យក្រុមហ៊ុនអាចបន្តដំណើរយូរអង្វែងមកទល់សព្វថ្ងៃ និងតទៅមុខទៀត ដោយទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុនក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។

លោកអគ្គនាយកក្រុមហ៊ុន SL HI-TECH CO,.LTD បានបន្តថា ការបង្កើតយុទ្ធនាការក្រោមប្រធានបទ “១ ម៉ឺនយួរ ១ម៉ឺនរៀល” ដែលជាព្រឹត្តិការណ៍សប្បុរសធម៌របស់ក្រុមហ៊ុន ក្នុងគោលបំណងដើម្បីប្រមូលថវិកានៃការលក់ទឹកពិសា ហាយ-ធិច ចំនួន១ម៉ឺនយួរ មានតម្លៃស្មើនឹង ១០០លានរៀល យកទៅប្រគល់ជូនមន្ទីរគន្ធបុប្ឆាសម្រាប់ក្មេងៗដែលមកសម្រាកព្យាបាលជំងឺ និងជាការចូលរួមសង្គមជាតិបែបមនុស្សធម៌។

ដើម្បីជំរុញឲ្យមានការចូលរួមពីសំណាក់អតិថិជន ឲ្យចូលរួមជាមួយកម្មវិធីនេះច្រើន អ្នករៀបចំបានបង្កើតកម្មវិធីកម្សាន្តសប្បាយជាច្រើន ដែលរំលឹកទៅអតីតកាល កាលពីឆ្នាំ២០០០ ក្នុងរយៈពេល ៣ថ្ងៃនេះ ដោយចាប់ផ្តើមតាំងពីម៉ោង ១០ព្រឹក ដល់ម៉ោង ៩យប់ ដែលបានអញ្ជើញចូលរួមពីតារាសម្តែងសិល្បៈជាច្រើនទំរង់ល្បីៗ រួមមាន លោក ព្រហ្ម ម៉ាញ ជាសិល្បករកំពូលនៃសិល្បៈចម្រៀងអាយ៉ៃ លោកមួន ម៉ារ៉ា លោក ចាន់ សម័យ ជាសិល្បៈករចម្រៀងដែលល្បីល្បាយ កាលពីអំឡុងឆ្នាំ២០០០, អ្នកនាង ខាត់ សុឃីម ជាសិល្បការិនីពហុជំនាញ, លោក Tep Piseth តារារ៉េប និងសិល្បករល្បីៗជាច្រើនរូបទៀតផងដែរ ។ ជាការទាក់ទាញអារម្មណ៍ឲ្យនឹកចាំដល់អតិតកាល កម្មវិធី មានដាក់តាំងបង្ហាញនូវរបស់របរជាច្រើន ដែលធ្លាប់មានកាលពីជំនាន់ ២៥ឆ្នាំមុន ដែលរួមមាន ការនាំយកត្រឡប់មកវិញនូវដបទឹក Retro ស៊េរីចាស់ ជារូបរាងដបទឹកពិសារ ហាយ-ធិច ដំបូងបង្អស់, មានបង្ហាញ ស្ករកាត់ជារូបសត្វ ពីអ្នកជំនាញដ៏ចំណាន, ការបង្ហាញបង្អែមទឹកកកឈូសបែបខ្មែរសម័យឆ្នាំ២០០០, ការដាក់ទូទូរស័ព្ទចល័ត, ការថតរូបកម្សាន្តដើម្បីទទួលយកបទពិសោធន៍នៃការវិលត្រឡប់ទៅកាន់អតីតកាលក្នុងទស្សវត្សឆ្នាំ២០០០ និងមានកម្មវិធីពិសេសទៀតជាច្រើនផងដែរ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner