ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ អ្នកហាត់ការ និងអ្នកស្ម័គ្រចិត្ត ត្រូវពង្រឹងសមត្ថភាពចំណេះដឹង ពិសេសលើវិស័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត(AI)

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា នាពេលខាងមុខ ការងាររបស់ក្រសួងនឹងកាន់តែមានភាពស្មុគស្មាញជាងមុន ដែលតម្រូវឱ្យមន្ត្រីក៏ដូចជាអ្នកហាត់ការ និងអ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវពង្រឹងសមត្ថភាពចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ដើម្បីសម្របតាមបរិបទការងារដែលចេះតែវិវត្តទៅមុខឥតឈប់ឈរ ជាពិសេសលើវិស័យបច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត(AI) ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ លើកឡើងបែបនេះ ក្នុងឱកាសសំណេះសំណាល និងណែនាំការងារដល់អ្នកហាត់ការ និងអ្នកស្ម័គ្រចិត្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបានដឹងពីបញ្ហាប្រឈមរបស់អ្នកហាត់ការ និងអ្នកស្ម័គ្រចិត្តរបស់ក្រសួង ក្នុងពេលបំពេញការងារកន្លងមកនៅតាមការិយាល័យ និងនាយកដ្ឋានជំនាញ និងមានវិធានការជួយដោះស្រាយកែសម្រួលស្ថានភាពទាំងនោះឱ្យល្អប្រសើរឡើង និងទទួលបានការណែនាំកែលម្អបន្ថែមពីថ្នាក់ដឹកនាំក្រសួង ទាក់ទិននឹងការងារដែលខ្លួនកំពុងអនុវត្ត ដើម្បីជំរុញការចូលរួមអនុវត្តការងាររបស់ក្រសួងប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់អំពីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលដែលមានអាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល និងលើកឡើងពីគោលនយោបាយនិងទិសដៅរបស់ក្រសួង ការរៀបចំទីក្រុងទីប្រជុំជន និងការងារផ្សេងទៀត ទាក់ទិននឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអ្នកហាត់ការ និងអ្នកស្ម័គ្រចិត្តរបស់ក្រសួង ត្រូវចូលរួមអនុវត្តការងារទាំងនេះជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង ដើម្បីក្លាយជាកម្លាំងចលករដ៏សំខាន់រួមចំណែក ជំរុញឱ្យសម្រេចបានជោគជ័យ នូវទិសដៅរបស់ក្រសួង និងឆ្លើយតបតាមចក្ខុវិស័យ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner