កាកបាទក្រហមកម្ពុជា បើកយុទ្ធនាការស្តីពី យុវជន និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក
(ភ្នំពេញ)៖ ដើម្បីរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសមុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលប្រារព្ធទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ កាកបាទក្រហមកម្ពុជា បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរៀបចំបើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពី យុវជន និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។

ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា យុទ្ធនាការនេះ ក្មួយៗ នឹងចុះទៅអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្រមសីលធម៌របស់អ្នកប្រើប្រាស់ផ្លូវ កត្តាគួរធ្វើ និងកត្តាមិនគួរធ្វើពេលបើកបរជូនប្រជាពលរដ្ឋ ដើម្បីបង្ការ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខាងមុខ ។

ឯកឧត្តមបន្តថា “យុទ្ធនាការណ៍ថ្ងៃនេះ មានក្មួយៗយុវជនជាកម្លាំងស្នូល ជាឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជា សហការគ្នាជាមួយប៉ូលីសចរាចរណ៍ នឹងធ្វើដំណើរដោយថ្មើជើងពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ទៅស្តុបណតប្រ៊ីត ក្នុងខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ ដើម្បីអប់រំផ្សព្វផ្សាយការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ទាំងអស់គ្នា ពេលធ្វើដំណើរប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ អនុវត្តន៍តាមការអំពាវនាវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន៩ចំណុច ៖

១- កុំបើកបរលើសល្បឿនកំណត់ គោរពសិទ្ធិអាទិភាព បើកបរប្រកាន់ស្តាំ។
២- សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។
៣- ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។
៤-ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ។
៥-ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់។
៦-ត្រូវត្រួតពិនិត្យយានយន្តមុនចេញដំណើរ ដូចជាសំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និងចង្កូត ជាដើម
៧-ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ។
៨- បន្តអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍នៅគ្រឹះស្ថានសិក្សា ផ្តោតលើសិស្ស និស្សិត អ្នកប្រើប្រាស់ម៉ូតូ។
៩-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសចំណុះ។

បន្ទាប់មកក្បួនយុទ្ធនាការ បានដង្ហែរពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ទៅគោលដៅស្តុបណតប្រ៊ីត ក្នុងខណ្ឌសែនសុខ ដើម្បីធ្វើការអប់រំផ្សព្វផ្សាយ រួមជាមួយនឹងការចោទជាសំណួរទាក់ទងការយល់ដឹង អំពីការដកពិន្ទុលើកបណ្ណបើកបរ ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក, អនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (អនុក្រឹត្យលេខ ៣៩) ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ដែលបានមកចូលរួមទទួលការផ្សព្វផ្សាយនិងឆ្លើយតបចំពោះសំណួរ ហើយបើឆ្លើយត្រូវនិងទទួលបានរង្វាន់លើកទឹកចិត្តគឺមួកសុវត្ថិភាព ៕
ដោយ / គ្រី សម្បត្តិ


