ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ វិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង បង្ហាញយ៉ាងច្បាស់ពីសុខដុមនីយកម្មផ្នែកសាសនានៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ វិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង គឺជាសមិទ្ធផលថ្មីមួយរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងខណ្ឌជ្រោយចង្វារ ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសុខដុមនីយកម្មផ្នែកសាសនានៅកម្ពុជា ដែលមិនមានច្រើននោះទេនៅតាមបណ្ដាប្រទេសលើពិភពលោក ដែលមានភាពសុខដុមផ្នែកសាសនាបែបនេះ ដោយភាពសុខដុមនេះគឺជាវប្បធម៌ដ៏ថ្លៃថ្លារបស់កម្ពុជាដែលមានតាំងពីដើមរៀងមក ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បញ្ជាក់បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិហារឥស្លាម ម៉ាស្ជិត គៀនឃ្លាំង ដែលស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីបានបញ្ចប់ការសាងសង់ជាស្ថាពរមក ។

លោក សុះ សុខគ្រី តំណាងសហគមន៍ និងជាគ្រូសាសនា បានឱ្យដឹងថា វិហារឥស្លាមថ្មីនេះ នឹងបម្រើការទូលំទូលាយដល់សាសនិកឥស្លាមគ្រប់ជាតិសាសន៍ និងមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការអប់រំសាសនាឥស្លាមក្នុងសហគមន៍ ។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនមានការរើសអើងជាតិសាសន៍សាសនា ឬ និន្នាការនយោបាយអ្វីឡើយ គឺតែងតែផ្ដល់នូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ដោយរស់នៅក្រោមម្លប់សុខសន្តិភាពជាមួយគ្នា ខិតខំប្រឹងប្រែងកសាង និងការពារប្រទេសជាតិជាមួយគ្នា ក្នុងគោលដៅជួយឱ្យកម្ពុជាមានភាពរឹងមាំនិងរីកចម្រើនទៅមុខ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា វិហារឥស្លាម ម៉ាស្ជីត គៀនឃ្លាំងនេះនឹងក្លាយជាទីកន្លែងមួយសម្រាប់យុវជនឥស្លាមស្គាល់ពីខ្លួនឯងកាន់តែច្បាស់ ស្គាល់ពីវប្បធម៌អរិយធម៌របស់ឥស្លាម និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រំពឹងថាការជួបជុំគ្នានាពេលនេះ គឺជាការបើកទំព័រថ្មីមួយសម្រាប់សង្គមជាតិកម្ពុជាទាំងមូល ក្នុងការទប់ស្កាត់ភាពរើសអើង ឬមិនចុះសម្រុងគ្នាតាមគ្រប់រូបភាព និងងាកមករកអ្វីដែលជាជីវិតរបស់ប្រជាជនកម្ពុជា ដោយផ្សារភ្ជាប់ទៅនឹងវប្បធម៌ អរិយធម៌ ចំណេះដឹង ភាពវាងវៃ ឆ្លាតវៃរបស់បុគ្គលម្នាក់ៗ ដើម្បីធានាបានថាកម្ពុជាមិនអាចវិលត្រឡប់ទៅរកអំពើប្រល័យពូជសាសន៍ដូចមុន ហើយនឹងអាចរស់នៅប្រកបដោយសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលតទៅអនាគត ។
សូមបញ្ជាក់ថា ៖ វិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ។ វិហារនេះមានឈ្មោះដើមថា “នូរុលឥស្លាមគៀនឃ្លាំង” ហើយបច្ចុប្បន្នមានឈ្មោះថា “ម៉ាស្ជិត គៀនឃ្លាំង” ។
អគារថ្មីនេះស្ថិតលើផ្ទៃដីទំហំ ៤៤១ម៉ែត្រការ៉េ មានផ្ទៃអគារចំនួន ៦២៤ម៉ែត្រការ៉េ រួមទាំងបន្ទប់ទឹកដោយឡែកទំហំ ១២ម៉ែត្រការ៉េ និងទីតាំងចតយានយន្តទំហំ ៥០ម៉ែត្រការ៉េ នៅខាងមុខអគារ ។ ស្ថាបត្យកម្មវិហារនេះមានកម្ពស់ ១៦.១ម៉ែត្រ មាន ពីរជាន់ ដែលអាចផ្ទុកសាសនិកប្រតិបត្តិពិធីសាសនាបានចន្លោះពី ២០០ ទៅ ៤០០ នាក់ ។ ក្រៅពីនេះ នៅជាន់ផ្ទាល់ដីក៏មានបន្ទប់សិក្សាទំហំ ៤០ម៉ែត្រការ៉េ សម្រាប់កម្មវិធីអប់រំសាសនាឥស្លាម និងបន្ទប់ដាក់ឥវ៉ាន់ទំហំ ១៦ម៉ែត្រការ៉េ ដែលមានតួនាទីគាំទ្រការប្រើប្រាស់ប្រចាំថ្ងៃរបស់ម៉ាស្ជិតផងដែរ ៕
អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ
