ម៉ោង៦ល្ងាចនេះ កម្ពុជា-ថៃ ដកអាវុធធុនធ្ងន់ចេញពីព្រំដែនទៅកាន់មូលដ្ឋានដើមវិញក្នុងដំណាក់កាលទី១
(ភ្នំពេញ)៖កងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិន្ទនៃព្រះរាជាណាចក្រថៃឡង់ដ៍ បានចាប់ផ្តើមបន្តអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ បន្ថែមទៀតចេញពីតំបន់ជម្លោះតាមបណ្តោយព្រំដែនក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)នៃប្រទេសទាំងពីរនាល្ងាចម៉ោង៦ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ សម្រាប់ភាគីកម្ពុជាបានធ្វើឡើងនៅស្រុករវៀង និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សកម្មភាពកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១បន្ថែមទៀតនេះ គឺធ្វើដំណាលគ្នាជាមួយនឹងភាគីថៃ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានរបស់ប្រទេសទាំងពីរដូចគ្នា។

គប្បីជម្រាបជូនថា កម្ពុជា និងថៃ បានកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជានិម្មិតរូប ចេញពីតំបន់ជម្លោះម្តងហើយ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

កម្ពុជាក៏បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីសន្តិភាព និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីរំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ក្រោមការចូលរួមជាសាក្សីពីសំណាក់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ៕
ប្រភពនិងរូបភាព៖AKP


