ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នាំយកឱកាសការងារជាង ៣ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និង ឱកាសការងារ» ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាប់ផ្តើមហើយ ដែលពិធីបើកពិព័រណ៍នេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយដោយមាន ការគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត ។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ រៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ដោយនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ មានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលប្រមាណ ១៥០ ដែលមានស្តង់សរុបជាង ១៨០ ដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង៣ម៉ឺនកន្លែង ដោយក្រសួងរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង ៥ម៉ឺននាក់។

ឯកឧត្តម បន្ថែមថា គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍ដ៏ធំនាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារ តាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែរ នូវសិក្ខាសាលាផលិតភាព ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

គួរបញ្ជាក់ថា ពិព័រណ៍ការងារឆ្នាំ នេះ បែងចែកជាព្រឹត្តិការណ៍សំខាន់ៗ ចំនួន ៣ ដូចខាងក្រោម៖

ទី១. ការតាំងបង្ហាញរបស់ក្រុមហ៊ុន សហគ្រាស ដែលនឹងផ្តល់ឱកាសនៅមួយកន្លែងងាយ ស្រួលសម្រាប់ក្មួយៗ សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យរកការងារ ជួបដោយផ្ទាល់ និងសម្ភាសភ្លាមៗ ជាមួយនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំង ពលកម្មជាក់ស្តែងចំនួនជាង ៣ម៉ឺនកន្លែង។

ទី២. កិច្ចពិភាក្សាលើប្រធានបទ “វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ” និងការចែករំលែកបទពិសោធក្នុងការចាប់យកអាជីព ដែលមានការចូលរួមពី សំណាក់វាគ្មិនកិត្តិយសដែលជំនាញនៅក្នុងទីផ្សារ ដើម្បីចែករំលែកនូវគំនិត ចំណេះដឹង ចំណេះធ្វើ និងបទពិសោធជោគជ័យជាក់ស្តែង សំដៅបណ្តុះផ្នត់គំនិត កែប្រែឥរិយាបថ និងបង្កើនការយល់ដឹង អំពីការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងអាជីវកម្ម។

ទី៣.កម្មវិធីនេះបង្កើតបណ្តាញទំនាក់ទំនង ផ្នែកធនធានមនុស្ស ដែលអាចបើកច្រកសម្រាប់ ក្មួយៗសិស្ស និស្សិតដែលចង់ស្វែងយល់អំពីព័ត៌មានឱកាសការងារ និងនិយោជកដែលមាន តម្រូវការជ្រើសរើសបុគ្គលិក អាចជួបគ្នាផងដែរ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner