ឯកឧត្តម ឃួង ស្រេង ៖ ធនធានមនុស្សសំខាន់ណាស់ ដើម្បីឱ្យប្រទេសជាតិ មានការអភិវឌ្ឍជឿនលឿនរឹងមាំ
(ភ្នំពេញ)៖ ប្រទេសជាតិ រីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្សដែលមានបញ្ញាញាណខ្លាំងក្លា។ ដូច្នេះសូមប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ប្រឹងប្រែង សិក្សារៀនសូត្រឲ្យបានខ្លាំងក្លាដើម្បីជាទំពាំងស្នងឫស្សី ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប ។
នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាស អានសារលិខិត អបអរសាទរ បើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ របស់សមម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាព្រឹកថ្ងៃទី០១ វិច្ឆិកា ២០២៥នេះ និងពិធីចែករង្វាន់សិស្សពូកែ ទូទាំងរាជធានីភ្នំពេញ និង សិស្សនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥នៅវិទ្យាល័យព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ឯកឧត្តម ឃួង ស្រេង លើកឡើងទៀតថា ប្រជាពលរដ្ឋយើងពិតជាមានមោទនភាព និងសប្បាយរីករាយណាស់ ដែលមានថ្នាក់ដឹកនាំ ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការដឹកនាំប្រទេស នោះគឺសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សូមឱ្យកូនក្មួយៗទាំងអស់ប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះវិជ្ជា មកបម្រើជាតិមាតុភូមិ ធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើងកាន់តែរីកចម្រើនមួយកំរិតថែមទៀត ហើយចំណេះវិជ្ជាទាំងនេះ ក៏ជាខឿនការពារបូរណភាពទឹកដីរបស់យើងដ៏មានប្រសិទ្ធភាពផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា អាចរីកចម្រើនជឿនលឿនអភិវឌ្ឍន៍ទៅបាន គឺពឹងលើក្មួយៗជំនាន់ក្រោយទាំងអស់នេះហើយ។ ចំណែករាជធានីភ្នំពេញក៏ដូច្នោះដែរ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ រាជធានីភ្នំពេញក៏មិនមានអនាម័យ បរិស្ថាន និង ការអភិវឌ្ឍរីកចម្រើនដូចពេលនេះដែរ ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងថា ការរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងរាជធានី ជាលទ្ធផល រាជធានីភ្នំពេញ ដណ្តើមបានជ័យលាភីចំនួន ៦ នាក់ យុវតី ២ នាក់ ក្នុងនោះមេដាយមាស ១ លើមេដាយមាសទូទាំងប្រទេស៦ មេដាយប្រាក់ ៣ លើមេដាយប្រាក់ទូទាំងប្រទេស៦ មេដាយសំរិទ្ធ ១លើមេដាយសំរិទ្ធទូទាំងប្រទេស៦ ទទួលបានវិញ្ញាបនបត្រសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ៤ ចំនួន ១ នាក់៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ






















