អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់សិស្សានុសិស្ស ក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ឲ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ

បាត់ដំបង៖ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់សិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ ដើម្បីក្លាយជាធនធានដ៏ល្អក្នុងសង្គម។

ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាល័យនេត យ៉ង់ ក្រុង-ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ បានថ្លែងបន្តថា ដោយមានការជំរុញពីអាណាព្យាបាល ពីការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ របស់លោកគ្រូ អ្នកគ្រូ និងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រផ្ទាល់របស់សិស្សានុសិស្ស បានធ្វើឱ្យអត្រាសិស្សជាប់បាក់ឌុបនៅខេត្តបាត់ដំបង មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេស ចំនួនសិស្សជាប់និទ្ទេសA កាន់តែមានការកើនឡើងរៀងរាល់ឆ្នាំ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងឱ្យដឹងបន្ថែមទៀតថា ការរៀន និងបង្រៀននាពេលបច្ចុប្បន្ននេះ កាន់តែមានលក្ខណៈទំនើបជឿនលឿននិងកាន់តែសម្បូរបែប។សម្ភារៈបរិក្ខាសិក្សា មិនពិបាកដូចកាលពីអតីតកាលនោះឡើយ។

ឯកឧត្តមក៏បានណែនាំដល់សិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អនៅក្នុងសង្គម ចៀសឆ្ងាយពីគ្រឿងញៀន ពីការប្រើប្រាស់បារីអេឡិកត្រូនិក ពីការប្រព្រឹត្តនូវអំពើអបាយមុខ ត្រូវគោរពច្បាប់ចរាចរណ៍ និងចូលរួម ក្នុងការថែរក្សាអនាម័យ-បរិស្ថាន។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជននិងកីឡាខេត្ត នាយក នាយិកា លោកគ្រូ អ្នកគ្រូ ត្រូវខិតខំធ្វើឱ្យវិស័យអប់រំក្នុងខេត្តបាត់ដំបង កាន់តែមានការរីកចម្រើនឡើងបន្ថែមទៀត។


តាមការបញ្ជាក់របស់លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា
ខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ កិច្ចដំណើរការនៃការអប់រំនៅគ្រប់កម្រិត គឺផ្តោតសំខាន់ លើការលើកកម្ពស់អភិបាលកិច្ចសាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ ក្នុងគោលបំណង ដើម្បីធានាឱ្យការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងការលើកកម្ពស់នៃឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ទន្ទឹមនឹងនេះការអប់រំគ្រប់កម្រិតសិក្សា ត្រូវបន្តពង្រឹងវិន័យ សីលធម៌ សុជីវធម៌ ឥរិយាបថ និងបំណិនងាយៗ ដែលសិស្សានុសិស្ស អាចអនុវត្តបាន ទាំងនៅសាលារៀន គេហដ្ឋាន និងសហគមន៍ ស្របតាមវិធានការគន្លឹះទាំង៤ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ។គឺ ទី១.អភិបាលកិច្ចសាលារៀន, ទី២.អភិវឌ្ឍន៍កម្មវិធីសិក្សាដោយផ្តោតលើសកម្មភាពក្រៅម៉ោងសិក្សា,ទី៣. សុខភាពសិក្សា និងទី៤. ភាពជាដៃគូរវាងសហគមន៍ និង សាលារៀន ដើម្បីការអប់រំ។


លោកប្រធានមន្ទីរអប់រំខេត្តបាត់ដំបង បញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ នៅទូទាំងខេត្តបាត់ដំបងមានសាលារៀនចំណេះទូទៅសាធារណៈ ឯកជន និងសហគមន៍ចំនួន១ ៤៨៩សាលា,សិស្សានុសិស្សសរុបចំនួន ២៧៧ ៤៥០នាក់, បុគ្គលិកអប់រំ សរុបចំនួន ៩ ០៣៣នាក់, អគារសិក្សាសរុបចំនួន ១ ៩៧១អគារ ស្មើនឹង ៨ ២៥០បន្ទប់៕
អត្ថបទ-រូបភាព ÷ អ៊ុក សំអាន បប.

ads banner