វៀតណាម ៖ ទឹកជំនន់សម្លាប់ មនុស្ស៣៥នាក់ហើយ

ហាណូយ ៖ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយ នៅថ្ងៃអាទិត្យនេះថា ភ្លៀងធ្លាក់ខ្លាំង និង ទឹកជំនន់ នៅភាគកណ្តាល ប្រទេសវៀតណាម ក្នុងសប្តាហ៍នេះ បានសម្លាប់មនុស្សចំនួន ៣៥នាក់ ហើយ មនុស្ស ៥ នាក់ទៀត កំពុងបាត់ខ្លួន។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាម ហៅកាត់ VDDMA បាននិយាយនៅថ្ងៃទី២ ខែវិច្ឆិកានេះ ថា នៅក្នុងរបាយការណ៍ បង្ហាញពីអ្នកស្លាប់ ទាំង ចំនួន៣៥ នាក់ បានកើតមានឡើង នៅក្នុងខេត្ត Hue, Da Nang, Lam Dong និង Quang Tri ។

ទីក្រុងបុរាណ របស់ Hoi An ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ត្រូវបានជន់លិច ដោយទឹកជ្រៅ ដោយមានអ្នកស្រុកធ្វើដំណើរ ក្នុងទីក្រុង ដោយជិះទូកឈើ បន្ទាប់ពីទន្លេ ក្នុងស្រុកដ៏ធំមួយ បានហូរហៀរ ក្នុងកម្រិតខ្ពស់ មិនធ្លាប់មាន អំឡុងរយៈពេល ៦០ ឆ្នាំ។

អ្នកស្រុក Hoi An លោក Chuong Nguyen បានប្រាប់ AFP នៅថ្ងៃអាទិត្យនេះថា “មនុស្សគ្រប់គ្នាមានការតក់ស្លុត បន្ទាប់ពីទឹកជំនន់។ ប្រជាជនកំពុងរៀបចំ សម្រាប់ទប់ទល់នឹងទឹកជំនន់ ប៉ុន្តែពួកគេមិនបានរំពឹងថា ទឹកនឹងកើនឡើងខ្ពស់ ដូច្នេះទេ” ។

បុរស អាយុ ៤៣ ឆ្នាំ រូបនេះ បាននិយាយថា “ផ្ទះជាច្រើនមិនអាចរៀបចំបាន ទាន់ពេលទេ ដូច្នេះហើយទ្រព្យសម្បត្តិជាច្រើន ត្រូវបានខូចខាត” ។ “មនុស្សគ្រប់គ្នាមានអារម្មណ៍ អស់សង្ឃឹម ដោយសារតែការខូចខាតធ្ងន់ធ្ងរ” ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាម បាននិយាយថា ផ្ទះជាង ១៦,៥០០ខ្នង ត្រូវបានជន់លិច នាពេលបច្ចុប្បន្ន ខណៈដែលសត្វបក្សី និងសត្វពាហនៈ ជាង៤ម៉ឺនក្បាល ត្រូវបានទឹកជន់លិច និងផ្ទៃដីដំណាំ ជាង ៥,៣០០ហិចតា បានលិចទឹក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner