លោក វង្ស គីមហួត៖ការចូលរួមរបស់ក្រុម OFF Road កម្ពុជា ក្នុងព្រឹត្តិការណ៍ប្រណាំងអន្តរជាតិគឺ បង្ហាញទង់ជាតិកម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ក្រុមរថយន្តប្រណាំងOFF Roadកម្ពុជា ចំនួន៣ក្រុម នាព្រឹកថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានចេញដំណើរទៅកាន់ប្រទេសឡាវ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងដែលមានឈ្មោះថា GOLD SEPON OFF Road CHALLENGE 2025 ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០២៥។

ថ្លែងប្រាប់ទូរទស្សន៍AMS អប្សរា មុនចេញដំណើរ លោក វង្ស គីមហួត ប្រធានក្រុមVkh Racing team បានឱ្យដឹងថា នេះជាលើកទី១ហើយ សម្រាប់ក្រុមOFF Roadកម្ពុជាដែលទៅចូលរួមប្រណាំងប្រជែងនៅក្នុងទឹកដីប្រទេសឡាវដែលជាប្រទេសជិតខាង។

ប្រធានក្រុមរូបនេះ បានរំលេចថា សម្រាប់ការប្រណាំងមួយនេះ ក្រុមរបស់លោកបានត្រៀមខ្លួនបានយ៉ាងល្អទាំងបច្ចេកទេសរថយន្ត និងកិច្ចសហការសាមគ្គីគ្នា ដើម្បីឱ្យការប្រណាំងអន្តរជាតិមួយនេះទទួលបានលទ្ធផលល្អ។ ហើយការប្រណាំងមួយនេះក្រុមរបស់កម្ពុជាប្រណាំងលើវិញ្ញាសាកម្រិតខ្ពស់HARD COR ដែលជាវិញ្ញាសាប្រណាំងសម្រាប់អ្នកជំនាញខ្លាំង។

លោក បានអះអាងថា កក្តាដែលជំរុញឱ្យក្រុមកម្ពុជា តែងតែបង្ហាញវត្តមានចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍OFF Roadនៅអន្តរជាតិរៀបចំដោយប្រទេសជិតខាងនេះ គឺមានគោលបំណងចង់លើកបង្ហាញទង់ជាតិកម្ពុជាបង្ហាញផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសមកចូលរួមឱ្យមើលឃើញថា កម្ពុជាក៏ជាប្រទេសមួយដែលមានសុខសន្តិភាព និងមានវិស័យកីឡារីកចម្រើនគ្រប់ប្រភេទកីឡា និងកីឡាប្រណាំងOFF Roadផងដែរ។មិនត្រឹមតែប៉ុណ្ណោះ ក៏ចង់បង្ហាញទៅអន្តរជាតិថា នៅកម្ពុជាក៏មានកីឡាករខ្លាំងខាងវិស័យប្រណាំងOFF Road ដែលអាចប្រជែងដណ្តើមបានពានជើងឯកមិនចាញ់ប្រទេសផ្សេងៗឡើយ។ អ្វីដែកកាន់តែពិសេស ជាងនេះទៀតនោះ គឺការក្រេបជញ្ជក់យកចំណេះជំនាញពីការកែច្នៃរថយន្តដើម្បីទៅអភិវឌ្ឍធ្វើឱ្យវិស័យកីឡាប្រណាំងOFF Roadរបស់កម្ពុជាកាន់តែរីកចម្រើន។

សម្រាប់ការប្រណាំងកម្រិតអន្តរជាតិនេះ លោក វង្ស គីម ហួត ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំង ចុះពោះក្រុមហ៊ុនប្រេងម៉ាស៊ីនថប់វ័ន្ត និងក្រុមហ៊ុនប្រេងPEACE PETROLEUM CAMBODIA និងមហាគ្រួសាររថយន្ត OFF Road គឺលោក រ៉ូ ដែលបានឧបត្ថម្ភជាថវិកាជួយគាំទ្រដល់ក្រុមកម្ពុជាក្នុងព្រឹត្តិការណ៍ប្រណាំងផងដែរ។

គួរឱ្យដឹងដែរថា GOLD SEPON OFF Road CHALLENGE 2025 ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ ដែលរៀបចំដោយប្រទេសឡាវនេះ មានប្រទេសចំនួន៤មានដូចជាឡាវម្ចាស់ផ្ទះ វៀតណាម កម្ពុជា និងថៃ។ សម្រាប់ក្រុមកម្ពុជា ចំនួន៣ក្រុមដែលចូលរួម មាន ឡានលេខ០១០ បើកបរដោយលោក សំអៀង គីម និងជំនួយការអ្នកបរ លោក ឧត្តម.នា ឡានលេខ១២៣ អ្នកបើកបរ លោក ព្រំ រស្មី និងជំនួយការបើកបរ លោក លាភ ហេង និងឡានលេខ ៩៥ បើកបរ ដោយ លោក វង្ស គីមហួត និងជំនួយការបើកបរ លោក ហេង បញ្ញា៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner