បញ្ចុះបឋមសីលាសាង សង់ទីស្នាក់ការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកណ្តាលអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

ខេត្តកណ្តាល៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដីសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកណ្តាល ធ្វើឡើងតាមបែបប្រពៃណីសាសនា នេះមានការអញ្ជើញចូលរួមពី មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា ក្រសួងសង្គមកិច្ច ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ថ្នាក់ដឹកនាំ អ.ន.ក, ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធាន អ.ន.ក ខេត្ត, ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាអនុប្រធានប្រចាំការ អ.ន.ក ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ស្នងការនគរបាលខេត្ត, លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសូមគោរពថ្លែង អំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុមប្រធានទី១នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានបង្ករលក្ខណៈងាយស្រួលគ្រប់បែប យ៉ាង ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ដោយបានដោះស្រាយដីសម្បទានសង្គមកិច្ច សាងសង់ផ្ទះសម្បែង រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជូនបងប្អូនអតីតយុទ្ធជន នៅទូទាំងប្រទេសបានយ៉ាងល្អប្រសើរ ហើយថ្ងៃនេះដើម្បីមាននិរន្តរភាពការងារសម្រាប់បម្រើឲ្យបងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្ដេចបានអនុញ្ញាតឲ្យធ្វើការសាងសង់ទីស្នាក់ការសមាគមនៅគ្រប់បណ្ដាខេត្ត រាជធានី ដើម្បីងាយស្រួលក្នុងការដោះស្រាយនិងបម្រើសេចក្តីត្រូវការចាំបាច់នានាជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជនយើង។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានថ្លែង អំណរគុណចំពោះឯកឧត្តម អភិបាលខេត្តកណ្តាល និងជាប្រធាន (អ.ន.ស) ខេត្ត រួមជាមួយស្ថាប័នជំនាញមានការពាក់ព័ន្ធ ដែលបានជួយដោះស្រាយដីសម្រាប់សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជននិងនិវត្តជនខេត្តកណ្តាលនៅទីតាំងនេះ ។ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ក្រុមវិស្វកម្ម ដែលមានភារកិច្ចសាងសង់ទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ត្រូវធ្វើការសាងសង់ប្រកប ដោយគុណភាព សោភ័ណភាព ស្របតាមលក្ខណៈបច្ចេកទេស និងគំរូប្លង់ដែលត្រូវសាង។

គួរបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគុណចំណាច់របស់អតីតយុទ្ធជននិងនិវត្តជនកម្ពុជា ដែលមានចំពោះជាតិ និងប្រជាជន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងការគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនជាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដូចជាការផ្តល់បណ្ណ ប.ស.ស. ដែលពួកគាត់អាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន។ ផ្តល់ឱកាសឱ្យបងប្អូនអតីតយុទ្ធជននិងនិវត្តជនកម្ពុជា អាចចូលរួមក្នុងសង្គម តាមរយៈតួនាទីមួយចំនួនក្នុងមូលដ្ឋាន ហើយលើសពីនេះ ក៏បានផ្តល់ជាអាហារូបករណ៍ និងជាពិសេសផ្តល់ឱកាសជាអាទិភាព ដល់កូនចៅអតីតយុទ្ធជន បានចូលបំរើការងារកងទ័ព បន្តវេនពីឪពុកម្តាយផងដែរ៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner