អ៊ីរ៉ង់នឹងមិនបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទេ

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា ប្រទេសនេះនឹងមិនបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនោះឡើយ ទោះបីជាមាន សម្ពាធរបស់សហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តផ្សេងទៀត ក៏ដោយ។

លោក Abbas Araghchi បានប្រាប់កាសែត Al Jazeera កាលពីថ្ងៃសៅរ៍ថា ការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែមិថុនា បានបរាជ័យ ក្នុងការលុបចោលកម្មវិធីនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់ធ្វើដើម្បីផ្នែកស៊ីវិល័យទាំងស្រុង។

លោកបានបន្តថា «ទោះបី វត្ថុធាតុនុយក្លេអ៊ែរមួយចំនួន នៅតែកប់ក្រោមគំនរបាក់បែក តែ បច្ចេកវិទ្យា គឺ «នៅដដែល»។ យើងមិនអាចបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបានទេ»

លោកបានបន្ថែមថា អ៊ីរ៉ង់នៅតែបើកចំហរក្នុងការឈានដល់កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក តាមរយៈការចរចា ដោយប្រយោល ប៉ុន្តែ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនឈប់កំណត់នូវអ្វី ដែលលោកបានពិពណ៌នាថា ជា លក្ខខណ្ឌជាមុន ដែលមិនអាចទទួលយកបាន។

ការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវបានផ្អាក បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែក រយៈពេល ១២ ថ្ងៃរបស់ខ្លួន លើអ៊ីរ៉ង់។

កាលពីខែមុន សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មឡើងវិញ លើអ៊ីរ៉ង់ ដែលធ្លាប់ត្រូវបានដកចេញ ជាផ្នែកនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥។

ជាកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញ អំឡុងពេលអាណត្តិដំបូង របស់ប្រធានាធិបតី Donald Trump ។ តាំងពីពេលនោះមក ទីក្រុងតេហេរ៉ង់ បាននិយាយថា ខ្លួនលែងជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលផុតកំណត់ ក្នុងខែតុលា៕

ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner