អ៊ីស្រាអែលជំរុញលីបង់បង្ខំឱ្យក្រុមហេសបូឡារំសាយអាវុធ

ហ្ស៊េរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ចោទប្រកាន់ថា ក្រុមហេសបូឡាកំពុងស្វែងរកការបំពាក់អាវុធឡើងវិញ ហើយថា អ៊ីស្រាអែលនឹងអនុវត្តសិទ្ធិការពារខ្លួន ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ ២០២៤ បើសិនលីបង់បរាជ័យបញ្ចុះបញ្ចូលក្រុមសកម្មប្រយុទ្ធមួយនេះរំសាយអាវុធរបស់ពួកគេ។

នៅពេលចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ បានព្រមានធ្ងន់ៗថា អ៊ីស្រាអែលនឹងចាត់វិធានការចាំបាច់ភ្លាមៗ បើសិនលីបង់មិនព្រមពន្លឿនចំណាត់ការទប់ស្កាត់ទឹកដីរបស់ខ្លួនក្លាយជារណសិរ្សថ្មី ឬក្លាយជាទីតាំងរបស់ពួកសកម្មប្រយុទ្ធ។

ចំណែក រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខេតស៍ ក៏បាននិយាយដែរថា រដ្ឋាភិបាលលីបង់ត្រូវតែពន្លឿនការប្តេជ្ញាចិត្តរំសាយអាវុធរបស់ក្រុមហេសបូឡា និងបណ្តេញពួកសកម្មប្រយុទ្ធមួយនេះចេញពីភាគខាងត្បូងប្រទេសលីបង់។

ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ ក៏បានគំរាមធ្ងន់ៗដែរថា កិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់អតិបរមានឹងបន្ត ហើយតែត្រូវពង្រឹងសំដៅការពារសុវត្ថិភាពប្រជាជនអ៊ីស្រាអែលនៅភាគខាងជើង។

សូមរម្លឹកថា សហរដ្ឋអាមេរិកបានសម្របសម្រួលឱ្យមានបទឈប់បាញ់មួយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ រវាងលីបង់ និងអ៊ីស្រាអែល ក្រោយផ្ទុះជម្លោះជាងមួយឆ្នាំ ដែលបង្កឡើងដោយសារចំហាយសង្គ្រាមនៅហ្គាហ្សា។ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់នេះ ភាគីលីបង់យល់ព្រមថា មានតែកងកម្លាំងសន្តិសុខរដ្ឋប៉ុណ្ណោះដែលគួរកាន់អាវុធ មានន័យថា ក្រុមហេសបូឡាត្រូវតែរំសាយអាវុធទាំងស្រុង។

ប្រភពព័ត៌មានពីកងទ័ពលីបង់បានប្រាប់កាសែតរ៉យទ័រថា ពួកគេបានបំផ្ទុះឃ្លាំងអាវុធរបស់ក្រុមហេសបូឡាជាច្រើនរហូតដល់ពួកគេអស់គ្រឿងផ្ទុះ ហើយពួកគេរំពឹងថា នឹងបណ្តាញក្រុមនេះចេញពីភាគខាងត្បូងនៃប្រទេសលីបង់ នៅត្រឹមចុងឆ្នាំ ២០២៥។

ទោះបីជាយ៉ាងណា ក្រុមហេសបូឡាបានអះអាងថា ខ្លួននឹងគោរពតាមបទឈប់បាញ់នេះ ប៉ុន្តបានអះអាងថា ខ្លួននឹងរំសាយអាវុធនៅភាគខាងត្បូងប្រទេសលីបង់ប៉ុណ្ណោះ ហើយថែមទាំងបានព្រមានថា ជម្លោះអាចនឹងកើតឡើងទៀត បើសិនកងកម្លាំងលីបង់បានធ្វើសកម្មភាពប្រឆាំងនឹងក្រុមខ្លួន៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner