នីហ្សេរីយ៉ាស្វាគមន៍លោក ដូណាល់ ត្រាំ ជួយកម្ចាត់ពួកបះបោរអ៊ីស្លាម
អាប៊ូចា ៖ នីហ្សេរីយ៉ាស្វាគមន៍ដែលសហរដ្ឋអាមេរិកចង់លូកដៃជួយប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមប្រដាប់អាវុធឥស្លាម ដរាបណាបូរណភាពទឹកដីប្រទេសរបស់ខ្លួនត្រូវបានគោរព ដែលនេះជាការឆ្លើយតបទៅនឹងការគំរាមប្រើកម្លាំងយោធាដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយមានការវាយប្រហារដ៏អាក្រក់លើអ្នកកាន់សាសនាគ្រិស្តនៅប្រទេសអាហ្វ្រិកខាងលិចមួយនេះ។
លោក Daniel Bwala ដែលជាទីប្រឹក្សាប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu និយាយថា នីហ្សេរីយ៉ាស្វាគមន៍ជំនួយរបស់អាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់បូរណភាពទឹកដីរបស់នីហ្សេរីយ៉ា។ លោកថា នីហ្សេរីយ៉ាបានព្យាយាមបន្ធូរបន្ថយភាពតានតឹងរវាងរដ្ឋទាំងពីរ ទោះបីជាលោកប្រធានាធិបតី ត្រាំ បានហៅប្រទេសខ្លួនថា ជា “ប្រទេសដ៏អាម៉ាស់មួយ” ក៏ដោយ។
បើតាមលោក Bwala, ខ្ញុំប្រាកដថា នៅពេលដែលមេដឹកនាំទាំងពីរជួបគ្នា និងអង្គុយចុះចរចាគ្នា នោះនឹងមានលទ្ធផលកាន់តែប្រសើរឡើងចំពោះការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ខណៈក្រុមឧទ្ទាមឥស្លាមបានបង្កភាពចលាចលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
នីហ្សេរីយ៉ាដែលជាប្រទេសមួយមានប្រជាជនជាង ២០០លាននាក់ និងក្រុមជនជាតិភាគតិចប្រហែល ២០០ក្រុម ត្រូវបានបែងចែករវាងភាគខាងជើងដែលភាគច្រើនជាជនជាតិមូស្លីម និងភាគខាងត្បូងដែលភាគច្រើនជាអ្នកកាន់សាសនាគ្រិស្ត។
ដូច្នេះហើយ ពួកឧទ្ទាមបះបោរឥស្លាម រួមមាន Boko Haram និងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅខេត្ត West Africa បានបង្កភាពវឹកវរនៅក្នុងប្រទេសនេះអស់រយៈពេលជាង ១៥ឆ្នាំមកហើយ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ ប៉ុន្តែការវាយប្រហាររបស់ពួកគេភាគច្រើនត្រូវបានកំណត់គោលដៅនៅភាគឦសាននៃប្រទេស ដែលជាតំបន់ភាគច្រើនជាជនជាតិមូស្លីម៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា