កម្ពុជា ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជិះសេះពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ
(ភ្នំពេញ)៖ កម្ពុជា បានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជិះសេះពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២១ឆ្នាំ ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា នៅទីលានក្លិបជិះសេះ Genius resort រាជធានីភ្នំពេញ ។

លោក ស៊ាង ស្រីពៅ អគ្គលេខាធិការសហព័ន្ធ បានឱ្យដឹងក្រោយពិធីបិទ ការប្រកួតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ជាមួយភាពជោគជ័យ នៃការធ្វើម្ចាស់ផ្ទះលើកដំបូងនេះ បានធ្វើឲ្យសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ហើយក៏រំពឹងថា សហព័ន្ធនឹងមានលទ្ធភាពរៀបចំព្រឹត្តិការណ៍កីឡាជិះសេះអន្ដរជាតិជាបន្ដបន្ទាប់ទៀត កាន់តែងាយស្រួលផងដែរ ។ ក្នុងនាមសហព័ន្ធ លោកស្រីបានសម្ដែងនូវមោទនភាព ដែលការប្រកួតនេះ ទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងជាតិ និងអន្ដរជាតិ ដែលជំរុញឲ្យដំណើរការប្រកួត ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។

អគ្គលេខាធិការសហព័ន្ធរូបនេះបន្ដថា ទម្រាំយើងទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនេះ សហព័ន្ធកីឡាជិះសេះអន្ដរជាតិ បានចុះមកពិនិត្យ និងវាយតម្លៃច្រើនដង ទាំងសត្វសេះ និងទីលានប្រកួត រួមទាំងស្ដង់ដារផ្សេងៗ ។ ដូច្នេះ កាលណាយើងអាចទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះលើកទី១ ហើយ អ៊ីចឹងសម្រាប់កម្មវិធីបន្ដបន្ទាប់ទៀត គឺងាយស្រួលតែម្ដង ព្រោះគេជឿជាក់លើសមត្ថភាពសហព័ន្ធ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលបានជួយគាំទ្រវិស័យកីឡាមួយនេះ ។

ទន្ទឹមនឹងនោះ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្ដែងមោទនភាព ចំពោះការរីកចម្រើន នៃវិស័យកីឡាជិះសេះកម្ពុជា ។ ទោះបីការរួមចំណែករបស់ក្រសួង មិនអាចឆ្លើយតបនឹងការចំណាយដ៏ច្រើន តែសហព័ន្ធបានរីកធំធាត់ រហូតមានសមត្ថភាពអាចរៀបចំការប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ដោយជោគជ័យ។ ចំពោះលទ្ធផលបច្ចេកទេស ទោះកីឡាករ-កីឡាការិនីកម្ពុជា ពុំទទួលបានមេដាយ តែពួកគេបានបង្ហាញនូវគុណផលរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយសង្ឃឹមថា ពួកគេនឹងអាចទទួលបានលទ្ធផលល្អនាថ្ងៃអនាគតផងដែរ ។

សូមបញ្ជាក់ថា ការប្រកួតនេះ ក្រៅពីម្ចាស់ផ្ទះកម្ពុជា មានអត្តពលិក ៧ប្រទេសចូលរួម គឺឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ចិន និងហុងកុង ហើយក៏មានប្រទេសជាច្រើន បានចាប់អារម្មណ៍ផងដែរ តែដោយសារការត្រៀមខ្លួនមិនបានទាន់ពេល ធ្វើឲ្យខកខានចូលរួម ៕
អត្ថបទ ៖ វណ្ណលុក
រូប ៖ សួង ពិសិដ្ឋ


