សម្តេចតេជោ ចាត់ទុកភាពរីករាយ នៃពលរដ្ឋខ្មែរ ក្នុងកម្មវិធីអុំទូកនៅសៀមរាប ជាការបង្ហាញអំពីការថែរក្សាប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក្រោមម្លប់សន្តិភាព
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងក្តីរីករាយជាមួយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាមួយនឹងភាពសប្បាយយ៉ាងគគ្រឹកគគ្រេងនៃពិធីបុណ្យអុំទូក នៅក្នុងខេត្តសៀមរាប ។ នៅក្នុងសំណេរនៅលើផេកហ្វេកប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោបានលើកឡើងថា «ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប បាននាំមកនូវភាពសប្បាយរីករាយ និងបរិយាកាសអធិកអធមដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
នៅពេលថ្ងៃ នៅតាមដងស្ទឹងសៀមរាប មានប្រជាពលរដ្ឋកម្ពុជា ជាច្រើនកុះករបានមកជួបជុំគ្នា ដើម្បីទស្សនាការប្រណាំងទូកងដ៏ជក់ចិត្តរបស់ក្រុមចំណុះទូក ដែលតំណាងឲ្យសាមគ្គីភាព និងកម្លាំង។ នៅពេលរាត្រី ដងស្ទឹង ត្រូវបានបំភ្លឺដោយពន្លឺប្រទីបចម្រុះពណ៌ ដែលអណ្តែតតាមផ្ទៃទឹក ខណៈ ប្រជាពលរដ្ឋធ្វើពិធីសំពះព្រះខែ និងរីករាយនឹងការអកអំបុកតាមប្រពៃណី។» ។
សម្តេចតេជោ ហ៊ុន សែន នៅជាមួយនឹងភាពរីករាយរបស់ប្រជាពលរដ្ឋខ្មែរ សម្តេចបានចាត់ទុកភាពរីករាយនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់អំពីការថែរក្សាប្រពៃណី វប្បធម៌ ដ៏សម្បូរបែបរបស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយក្រោមម្លប់សន្តិភាព ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅឆ្នាំ២០២៥នេះ ត្រូវរាជរដ្ឋាភិបាល បានប្រកាសផ្អាកនៅថ្នាក់ជាតិ ប៉ុន្តែបានអនុញ្ញាតឲ្យមន្ត្រីរាជការតាមបណ្តាក្រសួង ស្ថាប័នរដ្ឋ និងបុគ្គលិកក្រុមហ៊ុននានា បានឈប់សម្រាករយៈពេល ៣ថ្ងៃ ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅជាមួយគ្នានោះ អាជ្ញាធរតាមបណ្ដាខេត្តនីមួយៗ អាចបន្តរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្ដាខេត្តរបស់ខ្លួនបាន ទៅតាមលទ្ធភាព ។
រដ្ឋបាលខេត្តសៀមរាប ដើម្បីឲ្យប្រជាពលរដ្ឋបានកម្សាន្តសប្បាយ ក្នុងឱកាសនៃការឈប់សម្រាក ៣ថ្ងៃ និងដើម្បីជួយជំរុញវិស័យទេសចរណ៍ផង បានរួមសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំកម្មវិធីសប្បាយៗជាច្រើន និងបង្កើតសោភណ្ឌភាពរបស់ក្រុង ដោយការតុបតែងភ្លើងលម្អស្រស់ស្អាត ដើម្បីលើកកម្ពស់អត្តសញ្ញាណវប្បធម៌ខ្មែរ បង្កើតភាពស្រស់បំព្រងនៅលើទឹកដីនៃអតីតរាជធានីខ្មែរ នៅសួនច្បារព្រះរាជដំណាក់ និងនៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ជាការជំនួសឲ្យព្រះរាជពិធីបុណ្យអុំទូក ។
កម្មវិធីកម្សាន្តសប្បាយទាំងនោះ មានដូចជា ៖ កម្មវិធីប្រណាំងទូកមិត្តភាព “សៀមរាបផ្ទះខ្ញុំ”, ការជិះទូកកម្សាន្តលើស្ទឹង, ការរៀបចំផ្សារទឹក, ការប្រគំតន្ត្រីស្គរដៃ, ការតាំងពិព័រណ៍ផលិតផល, កម្មវិធីប្រដាល់គុនខ្មែរ, ការសម្តែងល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត ។ គោលដៅនៃការរៀបចំពិធីទាំងនេះ គឺដើម្បីឲ្យមហាជនបានកម្សាន្ត និងជួយជំរុញវិស័យទេសចរណ៍ ។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា ការបង្កើតនូវភាពសប្បាយៗដល់ប្រជាពលរដ្ឋក្នុងខេត្ត និងមកពីរាជធានីខេត្តផ្សេងៗ ព្រមទាំងភ្ញៀវទេសចរបរទេសនេះឡើង រដ្ឋបាលខេត្តសៀមរាបបានសិក្សាស្វែងយល់អំពីប្រពៃណី វប្បធម៌ ទំនៀមទម្លាប់របស់ដូនតាខ្មែរយ៉ាងច្បាស់ ដោយសារខេត្តសៀមរាប ជាជង្រុកនៃសម្បត្តិវប្បធម៌ សម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និង រមណីយដ្ឋានធម្មជាតិជាច្រើន ។ ការរៀបចំកម្មវិធីនេះទៀត ក៏ដើមី្បកុំឲ្យបាត់បង់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់នៃព្រះរាជពិធីបុណ្យអុំទូក ដែលបុព្វបុរសខ្មែរ គោរពប្រតិបត្តិតរៀងមក រហូតមកដល់សព្វថ្ងៃនេះ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


















