កម្ពុជា-ថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១នៅថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥

(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ កម្ពុជា និង ថៃនឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងនៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១នេះដែរធ្វើឡើងស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៉ីង មេបញ្ជាការកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានគូសបញ្ជាក់ថាភាគីទាំងពីរបានអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី១ នៃដំណាក់កាលទី១ ដោយជោគជ័យនៅក្រោមការសង្កេត និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃដើម្បីធានាថា ផែនការសកម្មភាពនេះនឹងត្រូវបានអនុវត្តឱ្យបានពេញលេញ ត្រឹមត្រូវ មានប្រសិទ្ធភាព និងប្រកបដោយតម្លាភាព។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) និងឯកភាពគ្នាលើផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១នេះ ត្រូវធ្វើឡើងចំនួន ០៣លើក គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner