Xpeng បញ្ចេញរ៉ូបូតជំនាន់ក្រោយស្ទើរដូចមនុស្សបេះបិទ

ប៉េកាំង ៖ ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន Xpeng ថ្មីៗនេះបានបញ្ចេញមនុស្សយន្តដំណើរការដោយបន្ទះឈីប AI Turing ជំនាន់ក្រោយរបស់ខ្លួនជាផ្លូវការ មានឈ្មោះថា IRON អំឡុងព្រឹត្តិការណ៍ XPENG AI DAY 2025។

មនុស្សយន្ត IRON ជំនាន់ចុងក្រោយរបស់ Xpeng នេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីធ្វើឱ្យវាកាន់តែមានលក្ខណៈដូចមនុស្សធម្មតាបេះបិទ មិនថាដងខ្លួន ឆ្អឹងខ្នង សាច់ដុំ និងស្បែកនោះទេ សុទ្ធសឹងតែដូចទៅនឹងរូបរាងកាយរបស់មនុស្សយើងធម្មតាស្ទើរតែ ៩០ភាគរយតែម្តង។

ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Xpeng លោក He Xiaopeng និយាយថា មនុស្សយន្ត IRON ជំនាន់ថ្មីនេះរចនាឡើងដោយយកលំនាំតាមរូបរាងមនុស្សយើងធម្មតាបេះបិទ។

លោកថា IRON មានលក្ខណៈពិសេសៗជាច្រើន មានដូចជាប្រព័ន្ធឆ្អឹងខ្នង និងសាច់ដុំដែលធ្វើត្រាប់តាមបែបជីវសាស្រ្ត, ស្បែកខាងក្រៅអាចបត់បែនបានពេញលេញ និងក្បាលបំពាក់អេក្រង់កោង 3D ដ៏ស្រស់ស្អាត។

រីឯស្មាមានភាពរហ័សរហួនអាចធ្វើត្រាប់តាមចលនារបស់មនុស្សពិតៗ ខណៈដែលដៃនីមួយៗអាចធ្វើចលនាដោយសេរី ២២ដឺក្រេ ដែលអនុញ្ញាតឱ្យវាមានភាពប៉ិនប្រសប់ដូចមនុស្សយើងធម្មតាដែរ។

បើតាមការអះអាងរបស់លោក He, មនុស្សយន្ត IRON ជំនាន់ថ្មីនេះ នឹងចាប់ផ្តើមផលិតចែកចាយលក់ទ្រង់ទ្រាយធំនៅចុងឆ្នាំ ២០២៦ ស្ថិតក្នុងគោលបំណងជួយសម្រួលការងារមនុស្សយើង មានដូចជាការងារក្នុងផ្ទះ និងនៅសារៈមន្ទីរ បន្ទប់តាំងបង្ហាញរថយន្តទំនើបៗ និងមជ្ឈមណ្ឌលលក់ទំនិញជាដើម៕

ប្រភព ៖ CGTN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner