ឯកឧត្តម ចាយ បូរិន ដឹកនាំប្រតិភូយុវជនគណបក្សសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ជុំ ប៊ុនរ៉ុង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនឯកឧត្តមបណ្ឌិត ជុំ ប៊ុនរ៉ុង អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្រ្តី ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជូន ឯកឧត្តមបណ្ឌិត ជុំ ប៊ុនរ៉ុង និងក្រុមគ្រួសារ។
លោកជំទាវ រុន សុវណ្ណទេវី ភរិយាឯកឧត្តមបណ្ឌិត ជុំ ប៊ុនរ៉ុង និងក្រុមគ្រួសារមានក្តីរំភើបរីករាយឥតឧបមា ព្រមទាំងបានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
សម្តេចធិបតី និងលោកជំទាវបណ្ឌិត តាមរយៈ ឯកឧត្តមប្រធានផ្នែកឃោសនាអប់រំ ដែលបានដឹកនាំប្រតិភូមកសួរសុខទុក្ខស្វាមី របស់យើងខ្ញុំដល់លំនៅដ្ឋាន។
លោកជំទាវភរិយា ឯកឧត្តម ជុំ ប៊ុនរ៉ុង បានរំលឹកពីប្រវត្តិ ចាប់តាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន ឯកឧត្តមបណ្ឌិតធ្លាប់បានបម្រើការងារជា ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ,សមាជិក SNC , អគ្គនាយកមូលនិធិសង្គមនៃព្រះរាជាណាចក្រកម្ពុជា ,អគ្គនាយកនៃក្រុមប្រឹក្សាសកម្មភាពកំចាត់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (CMAA) ,ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិកនិងប្រទេសម៉ិចស៊ិកូ និងបច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្រ្តី ។
ឯកឧត្តម ចាយ បូរិន បានជូនអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាឯកឧត្តមបណ្ឌិតមាន សូមឆាប់បានជាសះស្បើយពីជំងឺ មានសុខភាពល្អ កម្លាំងមាំមួន ៕
ដោយ ៖ ហេង សម្បត្តិ





