រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញកញ្ចប់ថវិកា ពិសេសបន្ថែមចំនួន ៤០លានដុល្លារ តាមរយៈធនាគារ ARDB ដើម្បីផ្តល់ជាហិរញ្ញប្បទានដល់រោងម៉ាស៊ីនដៃគូឱ្យជួយប្រមូលទិញស្រូវពីកសិករ

(ភ្នំពេញ)៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាពិសេសបន្ថែមចំនួន ៤០លានដុល្លារ តាមរយៈធនាគារ ARDB ដើម្បីផ្តល់ជាហិរញ្ញប្បទានដល់រោងម៉ាស៊ីនដៃគូឱ្យជួយប្រមូលទិញស្រូវពីបងប្អូនកសិករក្នុងតម្លៃសមរម្យ។

អ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ថានេះគឺកិច្ចអន្តរាគមន៍លើកទី៣នៅក្នុងឆ្នាំ២០២៥ ដែលកន្លងមកយើងក៏ធ្លាប់បានបញ្ចេញថវិកាចំនួន៥០លានដុល្លាររួចមកហើយផងដែរ។ សរុបជាទឹកប្រាក់ទាំង៣លើក កិច្ចអន្តរាគមន៍ទាំងនេះមានទំហំ៩០លានដុល្លារ ដើម្បីបង្កើនកម្លាំងស្រូបទាញពីទីផ្សារ និងបញ្ចៀសការកក់ស្ទះការលក់ស្រូវរបស់ប្រជាកសិករនៅតាមទីវាល”។

ដោយឡែកបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃដដែលនេះដែរបានឱ្យដឹងថា៖ ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ, តម្លៃស្រូវ មានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ដោយសារតែស្តុក អង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤ របស់ប្រទេសមួយចំនួន បន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥ ដែលធ្វើឱ្យ តម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជា និងលើសកលលោកបន្ត កើនឡើង។

ឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃនេះ, រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើ ការរក្សាលំនឹងថ្លៃស្រូវ និងលំនឹងជីវភាពបងប្អូនប្រជាកសិករ ដោយចាត់វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ រួមទាំងការបញ្ចេញមូលនិធិ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ឥណទាន ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូជាមួយនឹងធនាគារ ARDB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីប្រមូលទិញស្រូវតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ។

ធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានឱ្យដឹងដែរថាដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ, រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០ លានដុល្លារអាមេរិក បន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner