ល្ងាចនេះ កម្ពុជានិងថៃ បន្តអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ជំហានទី២ នៃដំណាក់កាលទី១

ភ្នំពេញ៖លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:០០នាទី នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កម្ពុជាបានបន្តអនុវត្តការកែ​សម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ជំហានទី២ នៃដំណាក់កាលទី១ ស្របតាមផែនការ​សកម្មភាព​ដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

អ្នកនាំពាក្យដដែលបញ្ជាក់ថា ស្របតាមស្មារតីនេះ ភាគីថៃក៏បានធ្វើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញ​ធុនធ្ងន់សម្រាប់ជំហានទី២ នៃដំណាក់កាលទី១ ដូចគ្នាផងដែរ នៅក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់​ដោយក្រុម​អ្នកសង្កេតការណ៍អាស៊ាន (AOT)។

សូមជម្រាបជូនថា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នេះ ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់​ភាគីកម្ពុជា និងភាគីថៃ ក្នុងការគោរពនិងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទី​ក្រុងគូឡា​ឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្ត​ទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ អនុវត្តតាមស្មារតីនេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការ​ព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយបានឯកភាពគ្នាលើផែនការជាដំណាក់កាល នៃការកែសម្រួល​អាវុធ និង​យុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។

តាមរយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាថ្ងៃចាប់​ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១។ ការកែ​សម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញ ធុនធ្ងន់សម្រាប់ដំណាក់កាលទី១នេះ ត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយសកម្មភាពនៅថ្ងៃនេះ ជាការអនុវត្តជំហាន​ទី២ នៃដំណាក់កាលទី១។

ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ទាំងភាគីកម្ពុជា និងភាគីថៃនឹងបន្តអនុវត្តឱ្យបានពេញលេញ និងប្រកប​ដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិ​បត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរជាច្រើនជំនាន់តទៅមុខទៀត៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner