មេធំណាតូផ្តាំរុស្ស៊ីថា សង្គ្រាមនុយក្លេអ៊ែរនឹងគ្មានថ្ងៃឈ្នះឡើយ

ប៊ែរឡាំង ៖ ប្រមុខអង្គការបានផ្តាំផ្ញើសារទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា សង្គ្រាមនុយក្លេអ៊ែរនឹងគ្មានថ្ងៃទទួលជ័យជំនះឡើយ ហើយមានតែភាពបរាជ័យប៉ុណ្ណោះ។

ការព្រមានបែបនេះរបស់មេធំណាតូ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Putin បានប្រកាសក្តែងៗកាលពីខែមុនថា រុស្ស៊ីអាចនឹងបង្ខំចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរ បើសិនខ្លួនរងការវាយប្រហារពីមីស៊ីលរយៈចម្ងាយឆ្ងាយ។

មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីនឹងចាត់ទុករាល់ការវាយប្រហារណាមួយដែលគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរ គឺជាការលូកដៃចូលក្នុងសង្គ្រាមអ៊ុយក្រែនដោយផ្ទាល់។

បើតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់, អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និយាយថា សមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់កងកម្លាំងសម្ព័ន្ធមិត្ត ដែលបញ្ចប់ដោយជោគជ័យនៅដើមខែនេះ បានបង្ហាញយ៉ាងច្បាស់ពីភាពខ្លាំងរបស់បក្សសម្ព័ន្ធយោធាណាតូ ក្នុងការទប់ស្កាត់នុយក្លេអ៊ែរ ចំពេលប្រឈមមុខនឹងការគំរាមកំហែងពីរុស្ស៊ី។

លោក Rutte បានលើកឡើងយ៉ាងដូច្នេះថា នៅពេលរុស្ស៊ីកំពុងប្រើវោហាសាស្រ្តនុយក្លេអ៊ែរដ៏គ្រោះថ្នាក់នោះ ប្រជាជនរបស់យើងត្រូវតែដឹងថា មិនចាំបាច់ភ័យស្លន់ស្លោទេ ពីព្រោះឥឡូវនេះ ណាតូមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរារាំងអាវុធនុយក្លេអ៊ែរ។

កន្លងមក លោកប្រធានាធិបតី ពូទីន ក៏ធ្លាប់បានព្រមានទៅកាន់ប្រទេសលោកខាងលិចម្តងហើយម្តងទៀត ទាក់ទិននឹងផលវិបាកនៃសង្គ្រាមនុយក្លេអ៊ែរដែលអាចកើតមាន ចាប់តាំងពីទីក្រុងមូស្គូចូលលុកលុយពេញលេញប្រឆាំងអ៊ុយក្រែនកាលពីឆ្នាំ ២០២២៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner