ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន អញ្ជើញដាក់ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងវិមានព្រះបរមរូប ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ភ្នំពេញ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន អញ្ជើញដាក់ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងវិមានព្រះបរមរូប ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
សូមរំលឹកថា ប្រទេសកម្ពុជា បានស្ថិតក្រោមនឹមអាណានិគមបារាំង រយៈពេលជិតមួយសតវត្ស ទម្រាំទទួលបានឯករាជ្យពេញបរិបូរណ៍ឡើងវិញ ដោយសារកិច្ចខិតខំប្រឹងប្រែង និងការធ្វើព្រះរាជបូជនីយ៍កិច្ចរបស់សម្តេចព្រះ នរោត្តម សីហនុ ។ ចាប់តាំងពីចុងសតវត្សទី១៩ បានអនុវត្តនយោបាយអាណានិគមនិយម ដោយបានបង្កើតតំបន់ឥណ្ឌូចិន ដែលរួមមាន ប្រទេសកម្ពុជា វៀតណាម និងឡាវ ។
ប្រវត្តិជាប់ពាក់ព័ន្ធនេះ គឺផ្អែកលើសំណេរឯកសាររបស់អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ។ ក្រោមព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាឯករាជ្យជាតិ ប្រទេសកម្ពុជា ទទួលបានឯករាជ្យពេញលេញបរិបូរណ៍ពីសាធារណរដ្ឋបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ប្រទេសកម្ពុជា ក្រោយពីទទួលបានឯករាជ្យ ដោយមានព្រះករុណាព្រះបរមរតនកោដ្ឋ ជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើម បានដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងអតីតសម័យសង្គមរាស្រ្តនិយមនាជំនាន់នោះ កម្ពុជាត្រូវបានពិភពលោក ប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជា ថា ជាកោះសន្តិភាពនាអាស៊ីអាគ្នេយ៍ ។
ការដឹកនាំដោយផ្ទាល់របស់អតីតព្រះមហាក្សត្រ បានប្រែក្លាយកិច្ចការទាមទារ ជាព្រះរាជបូជនីយកម្មដ៏អស្ចារ្យ ដោយព្រះអង្គ បានធ្វើដំណើរទៅបារាំង សហរដ្ឋអាមេរិក កាណាដា ថៃ ជប៉ុន ដើម្បីស្នើសុំការគាំទ្រអន្តរជាតិ។ ចំណុចសំខាន់ជាយុទ្ធសាស្ត្រនេះ គឺ បើគ្មានការការពារពីស្ថាប័នអន្តរជាតិ សន្ធិសញ្ញាឆ្នាំ១៩៤៩ នឹងពុំមានអត្ថន័យឡើយ។ ព្រះអង្គបានសន្យា ជាមួយនឹងការអះអាងប្តូរផ្តាច់ថា ឯករាជ្យពិតប្រាកដ ចាំបាច់ត្រូវបានមក ជាមួយនឹងការផ្ទេរអំណាចលើគ្រប់វិស័យ ។ ការចាប់ផ្ដើមឡើងដំបូងនោះ គឺព្រះអង្គ បានធ្វើដំណើរទៅប្រទេសបារាំង ហើយព្រះអង្គបានផ្ញើជូនលោកប្រធានាធិបតីបារាំង Vincent Auriol នូវលិខិតនិងឯកសារគ្រប់សព្វ ដោយស្នើសុំប្រទេសបារាំង ផ្ទេរជាស្ថាពរមកជូនកម្ពុជានូវអំណាច និងសមត្ថកិច្ចទាំងឡាយក្នុងប្រទេស និងលើឆាកអន្តរជាតិ ដែលបារាំងពុំទាន់ផ្ទេរមកឲ្យកម្ពុជានោះ ។
លោកប្រធានាធិបតីបារាំង Vincent Auriol ពេលនោះព្រមទទួលព្រះអង្គ, និងស្ដាប់ព្រះអង្គ ប៉ុន្តែរដ្ឋាភិបាលបារាំង មិនព្រមចរចាជាមួយរដ្ឋាភិបាលខ្មែរឡើយ។ ព្រះអង្គក្រោយមក ធ្វើដំណើរបន្តបន្ទាប់ទៅប្រទេសកាណាដា, សហរដ្ឋអាមេរិក ជប៉ុន ប្រទេសថៃ ដើម្បីសុំឲ្យប្រទេសឯករាជ្យទាំងឡាយដែលស្នេហាសន្តិភាព សេរីភាព និងយុត្តិធម៌គាំទ្រកម្ពុជា ក្នុងការទាមទារសមហេតុសមផលនូវឯករាជ្យដែលជាសម្បត្តិរបស់ខ្លួន តាំងពីបរមបូរាណកាលរៀងមក។ ព្រះអង្គបានជម្រាបពិភពលោកថា ចក្រភពអង់គ្លេស បានយល់ព្រមតាំងពីឆ្នាំ១៩៤៧ ដោយផ្ដល់ឯករាជ្យពេញលក្ខណៈជូនឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា ភូមាជាដើម ។
ដោយពិភពលោក បានភ្ញាក់ផ្អើលអំពីព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គនោះហើយ, សាធារណរដ្ឋបារាំង ក៏បានយល់ព្រមចរចាជាមួយនឹងព្រះរាជតំណាង គឺសម្ដេច ប៉ែន នុត ដើម្បីផ្ទេរអំណាច និងសមត្ថកិច្ចទាំងអស់ដែលនៅសេសសល់មកជូនព្រះរាជាណាចក្រកម្ពុជា និងថ្វាយមហាក្សត្រខ្មែរវិញ។ នៅក្នុងឆមាសទី២ នៃឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ សម្ដេច ប៉ែន នុត ក្នុងនាមកម្ពុជា និងលោក Risterucci ក្នុងនាមប្រទេសបារាំង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពីការផ្ទេរអំណាច និងសមត្ថកិច្ចទាំងឡាយ ដើម្បីផ្ដល់ឯករាជ្យបរិបូរណ៍ ដែលកម្ពុជាបានទាមទារ ។
អំណាចទាំងឡាយទាំងក្នុងប្រទេសរួមមាន ប៉ូលីស តុលាការ គយ យោធាជាដើម, ទាំងក្រៅប្រទេសរួមមាន ការទូត គឺសាធារណរដ្ឋបារាំង បានព្រមផ្ទេរទាំងអស់មកថ្វាយមហាក្សត្រ ជូនរាជរដ្ឋាភិបាល និងរាជការខ្មែរ។ ព្រះអង្គពេលនោះ ក៏ព្រមយាងចូលមកក្នុងរាជធានីភ្នំពេញវិញ ដោយធ្វើដំណើរតាមរថយន្ត ចេញពីសៀមរាបអង្គរ។ ក្នុងថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ឧត្តមសេនីយ៍អគ្គមេបញ្ជាការបារាំង de Langlade, សេនាធិការរបស់លោក ព្រមទាំងកងទ័ពបារាំង និងសហភាពបារាំង បានមកថ្វាយបង្គំលាព្រះអង្គហើយចាកចេញពីប្រទេសកម្ពុជា ដោយមិនវិលត្រឡប់មកវិញឡើយ ។
ឯករាជ្យថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ មិនមែនជាផលិតផលនៃសំណាងដែលបានធ្លាក់ពីលើមេឃ ដោយចៃដន្យនោះទេ។ វាជាផលនៃការតស៊ូដ៏វែងឆ្ងាយ និងការអនុវត្តយុទ្ធសាស្ត្ររបស់ព្រះមហាក្សត្រ និងប្រជាជាតិខ្មែរ ដែលស្មោះត្រង់ចំពោះជាតិ។ ព្រះមហាវីរក្សត្រជាទីគោរពសក្ការៈ បានប្រើគ្រប់វិធីសាស្ត្រ ដើម្បីការសម្រេចបាន នូវសិទ្ធិឯករាជ្យមួយរយភាគរយនេះដោយមិនបោះបង់ពេលវេលាតស៊ូរបស់ខ្លួនឡើយ បើទោះបីស្ថានភាពអន្តរជាតិ មានសម្ពាធយ៉ាងណាក៏ដោយ ។
កិច្ចព្រមព្រៀងបណ្តោះអាសន្ន Modus Vivendi ឆ្នាំ១៩៤៦ និងសន្ធិសញ្ញាឯករាជ្យឆ្នាំ១៩៤៩ បានក្លាយជាគ្រឹះច្បាប់សំខាន់ឲ្យកម្ពុជា ទាមទារសិទ្ធិដ៏ពិតប្រាកដរបស់ខ្លួន តាមផ្លូវច្បាប់អន្តរជាតិ។ ដោយការតស៊ូក្នុងភាពអត់ធ្មត់ លះបង់ និងការប្រើយុទ្ធសាស្ត្រខាងការទូត រួមជាមួយស្មារតីសាមគ្គីជាតិរឹងមាំរបស់ប្រជាជាតិខ្មែរ បានធ្វើឱ្យបារាំង ព្រមផ្ទេរអំណាចនានាទាំងឡាយប្រគល់មកកម្ពុជា ដើម្បីទទួលបានសុខសន្តិភាព។ អ្វីទាំងនេះហើយ គឺជាប្រវត្តិពាក់ព័ន្ធរបស់ឯករាជ្យកម្ពុជា ដែលបានកើតឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នោះ ។
ឯករាជ្យ មិនមែនគ្រាន់តែជាសញ្ញានៃការចាកចេញពីអាណានិគមបារាំងប៉ុណ្ណោះទេ, វាជាសញ្ញានៃការកើតឡើងវិញនៃអត្តសញ្ញាណជាតិខ្មែរ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការនាំយកកម្ពុជា ចូលរួមក្នុងផ្លូវរីកចម្រើននាពេលអនាគត។ យើងជាខ្មែរ គួរតែចងចាំជានិច្ចថា ឯករាជ្យមិនមែនជាអំណោយដែលបានផ្ដល់ដោយអ្នកដទៃឡើយ។ ឯករាជ្យដែលប្រទេសកម្ពុជា ទទួលសម្រេចបាននោះ គឺជាលទ្ធផលនៃញើសឈាម ការលះបង់ និងការខិតខំប្រឹងប្រែងយ៉ាងអស្ចារ្យរបស់កុលបុត្រខ្មែរ ជាពិសេស ក្រោមស្មារតីនៃការធ្វើព្រះរាជបូជនីយកម្មដ៏មហាក្លាហានបំផុតរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋរបស់ជាតិខ្មែរ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ













