មិនត្រឹមតែបំបែកកំណត់ត្រាមេដាយនោះទេ កម្ពុជាក៏ត្រូវបានអន្តរជាតិកោតសសើរពីមហិច្ឆតាធ្វើម្ចាស់ស៊ីហ្គេមផងដែរ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជាដែលដណ្តើមបានមេដាយសរុប២៣គ្រឿងពីការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៨ ឆ្នាំ២០២៥ (8TH WORLD VOVINAM CHAMPIONSHIPS 2025 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ នាយប់ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ ទទួលស្វាគមន៏ដោយ ឯកឧត្តម កែ ប៉ុនខៀង រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និង ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្នុងដំណើរមកដល់ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្នុងដំណើរបេសកម្មប្រជែងដាយជូនជាតិក្នុងព្រឹត្តិការណ៍ប្រកួតវ៉ូវីណាមជើងឯកពិភពលោកលើកទី៨ ឆ្នាំ២០២៥នេះ កម្ពុជាបញ្ចូនកីឡាករ កីឡាការិនី ចូលរួមសរុប ២០រូប ក្នុងនោះ កីឡាករ កីឡាការិនី នៃសមាគមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃមានចំនួន ១០រូប ។ ជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយសរុបចំនួន២៣គ្រឿង ក្នុងនោះមេដាយមាស ៧គ្រឿង មេដាយប្រាក់ ១១គ្រឿង និងមេដាយសំរឹទ្ធ ៥គ្រឿង។ ក្នុងចំណោមមេដាយសរុបខាងលើ មេដាយដែលអត្តពលិកវ៉ូវីណាមក្រសួងមហាផ្ទៃ ដណ្ដើមបាន ១២គ្រឿង មេដាយមាស ៥គ្រឿង មេដាយប្រាក់ ៤គ្រឿង និងមេដាយសំរឹទ្ធ ៣គ្រឿង ។

ឯកឧត្តម អ៊ូ រតនា បានរំលេចថា មេដាយសរុប២៣គ្រឿងដែលអត្តពលិកកម្ពុជាដណ្តើមបានជូនជាតិពីការប្រកួតពិភពលោកនេះ គឺបានបំបែកកំណត់ត្រាចាស់កើនទាំងមេដាយមាស ប្រាក់និងមេដាយសំរឹទ្ធ។ ខណៈកីឡាករវ័យក្មេងទទួលបានលទ្ធផល្អរហូតឈានទៅដណ្តើមបានមេដាយមាសជូនជាតិផងដែរ។សមិទ្ធជោគជ័យដែលសម្រេចបានទាំងអស់នេះ បានកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនី និងការជួយជ្រោមជ្រែងរបស់គណៈកម្មាធិការប្រតិបត្តិនិង ទីប្រឹក្សាសហព័ន្ធកីឡាវ៉ូវីណាមទាំងអស់គ្នា។

ប្រធានសហព័ន្ធវ៉ូវីណាមខាងលើ បានបង្ហាញមោទនភាព ដែលព្រះរាជាណាចក្រកម្ពុជាត្រូវបានបណ្តាប្រទេសមកចូលរួមលើកសសើរ ចំពោះការរីកចម្រើសវិស័យកីឡា និងស្ងើចសសើរពីមហិច្ឆតារបស់កម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយកម្ពុជាមិនយកថវិការបស់អត្តពលិកមកចូលរួម ។ កម្ពុជាជាប្រទេសតូចតែបើកចំហរបេះដូងធំ ដែលទាំងនេះជាគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បង្ហាញពីបេះដូងនិងទឹកចិត្តរបស់កម្ពុជា ។

ឯកឧត្តម ប្រធានសហព័ន្ធ បានចាត់ទុកសមិទ្ធផលមេដាយដែលដណ្តើមបានពីជើងឯកពិភពលោកនេះ គឺជាជោគជ័យនាំមកនូវមោទនភាពជូនជាតិ ។ ប៉ុន្តែជោគជ័យនេះ ធ្វើឱ្យយើងកាន់តែពង្រឹងត្រៀមខ្លួនកាន់តែល្អជាងនេះទៀត ដោយសារតែយើងនឹងទទួលធ្វើជាម្ចាស់ផ្ទះវ៉ូវីណាមជើងឯកអាស៊ីឆ្នាំ២០២៦ ។

សូមបញ្ជាក់ថា វ៉ូវីណាមកម្ពុជាមិនត្រឹមទទួលបានមេដាយ ២៣គ្រឿងមកជូនជាតិប៉ុណ្ណោះទេ ពោល ថ្នាក់ដឹកជាន់ខ្ពស់របស់សហព័ន្ធ ឯកឧត្តម អ៊ូ រតនា ក៏ត្រូវបានគាំទ្រឱ្យធ្វើជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ផងដែរ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner