Boeing ចាយ ១ ពាន់លានដុល្លារជំរុញការផលិតយន្តហោះប្រភេទ ៧៨៧

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Boeing ចាយទុន ១ពាន់លានដុល្លារចាប់ផ្តើមពង្រីករោងចក្រ North Charleston រដ្ឋ South Carolina ដើម្បីជំរុញផលិតយន្តហោះ 787 ដែលជាប្រភេទយន្តហោះមានទំហំធំ និងសន្សំសំចៃប្រេងជាងម៉ូដែលយន្តហោះមុនៗ ដោយដាក់គោលដៅផលិតឱ្យបានមួយខែ ចាប់ពី៧ទៅ១០គ្រឿងនៅឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់ Boeing ពោលគឺមួយឆ្នាំក្រោយប្រកាសពីផែនការនេះលើកដំបូង។

នៅពេលរោងចក្រនេះពង្រីករួចរាល់ ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់អាមេរិកមួយនេះរំពឹងថា នឹងអាចបង្កើនទិន្នផលផលិតយន្តហោះប្រចាំខែនៃយន្តហោះប្រភេទ 787 របស់ខ្លួនកើនដល់ ១០គ្រឿងក្នុងមួយខែនៅឆ្នាំក្រោយ បើធៀបនឹងបច្ចុប្បន្នអាចផលិតយន្តហោះបានត្រឹមតែ ៧គ្រឿងប៉ុណ្ណោះ។

មូលហេតុដែល Boeing ពង្រីករោងចក្រ North Charleston គឺដោយសារតែ Boeing មើលឃើញពីសន្ទុះធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិ ពិសេសតម្រូវការសម្រាប់យន្តហោះប្រភេទ 787 កំពុងកើនឡើងយ៉ាងខ្លាំងនៅលើទីផ្សារបក្សីស្លាបដែក។ តួយ៉ាង Boeing ទទួលបានការបញ្ជាទិញជិត ១,០០០គ្រឿងសម្រាប់យន្តហោះប្រភេទ 787។

ការវិនិយោគចំនួន ១ពាន់លានដុល្លាររបស់ Boeing ដើម្បីបង្កើនផលិតកម្មទ្វេដងនៅរោងចក្រ North Charleston កើតឡើងចំពេលមានសម្ពាធពីក្រុមហ៊ុន Airbus ដែលជាគូប្រជែងនៅអឺរ៉ុបរបស់ខ្លួន ក៏បានប្រកាសអំពីផែនការបង្កើនទិន្នផលផលិតយន្តហោះប្រភេទ A350 ផងដែរ ឱ្យកើនដល់ ១២គ្រឿងក្នុងមួយខែនៅឆ្នាំ ២០២៨៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner