ការបរិច្ចាគឈាមមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិច្ចាគនោះទេ ផ្ទុយទៅវិញជួយការពារជម្ងឺមហារីកគ្រប់ឈាមថែមទៀត
(ភ្នំពេញ)៖ នាឱ្យកាសចូលរួមបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលមានសមាជិកក្រុមបាល់ទាត់ចំនួន៤ក្រុម លោក គុជ ឆៃ យ៉ា ប្រធានក្រុមចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានថ្លែង គូសបញ្ជាក់ថា ការបរិច្ចាគឈាមមិនធ្វើឱ្យអ្នកបរិច្ចាគប៉ះពាល់សុខសុខភាពនោះទេ ពោលវាថែមទាំងជួយឱ្យសុខភាពកាន់តែប្រសើរ និងការពារជម្ងឺមួយចំនួន ពិសេស គឺជម្ងឺមហារីកគ្រាប់ឈាមថែមទៀតផង។
ការចូលរួមបរិច្ចាគឈាមមនុស្សពីសំណាក់បងប្អូនប្រជាពលរដ្ឋ គឺជាទង្វើមនុស្សធម៌ជួយសង្គមជាតិ និងជួយដល់ជនរងគ្រោះដែលកំពុងត្រូវការឈាមជួយសង្រ្គោះអាយុជីវិតផងដែរ ។ ទន្ទឹមជាមួយគ្នានេះ លោក គុជ ឆៃ ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់សូមទៅចូលរួមបរិច្ចាគឈាមនៅថ្ងៃទី១៤និងទី១៥ ខែ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិ ដើម្បីយកឈាមមនុស្សធម៌ក្រោមការបរិច្ចាគរបស់បងប្អូនទាំងអស់ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រៀមជួយដល់ក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះដែលកំពុងត្រូវការឈាមជួយសង្រ្គោះអាយុជីវិតទូទាំងប្រទេស ។
ជាមួយគ្នានោះ លោក ឌឿ ច័ន្ទសាលុច អនុប្រធានក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានថ្លែងរំលេចដែរថា ការចូលរួមបរិច្ចាគឈាមពីប្រជាពលរដ្ឋកម្ពុជា គឺជាក្តីស្រលាញ់ដ៏មហាសាលធំណាស់សម្រាប់ប្រទេសកម្ពុជាយើង។
ដោយឡែក តារាចម្រៀង លោក ខេម តំណាងឱ្យក្រុមបាល់ទាត់តារាកម្ពុជា បានចែករំលែកដែរថា លោក បានបរិច្ចាគឈាមជាច្រើនលើកមកហើយ មិនមានថ្វីប៉ះពាល់ដល់សុខភាពនោះទេ តែបើយើងមិនដឹងយើងនិងមានការបារម្ភ និងភ័យខ្លាចមិនហ៊ានបរិច្ចាគឡើយ។ តារាចម្រៀងខាងលើ ក៏បានអំពាវនាវឱ្យបងប្អូនចូលរួមបរិច្ចាគឈាម និងចូលរួមទស្សនាគាំទ្រការប្រកួតបាល់ទាត់នៅល្ងាចថ្ងៃទី១៥ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិ។
សូមបញ្ជាក់ថា ការបរិច្ចាគឈាមរបស់ក្រុមបាល់ទាត់ទាំង៤ក្រុមមានក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា .ក្រុមបាល់ទាត់ស្រលាញ់សន្តិភាព. ក្រុមបាល់ទាត់វ័យចាស់រាជធានីភ្នំពេញនិង ក្រុមបាល់ទាត់តារាកម្ពុជា ដែលមកធ្វើការបរិច្ចាគនារសៀលថ្ងៃទី៨ គឺជាការបង្ហាញផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមទាំងអស់គ្នានៅថ្ងៃទី១៤ និងទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ ការបរិច្ចាគឈាម ក្រោមមូលបទ «យើងផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ សម្រាប់កម្ពុជា ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ






