ឥណ្ឌាចាយ ១ ពាន់លានដុល្លារទិញម៉ាស៊ីនយន្តហោះចម្បាំងពីអាមេរិក
ញូវដែលី ៖ ឥណ្ឌាបានស៊ីញ៉េកិច្ចព្រមព្រៀងតម្លៃ ១ពាន់លានដុល្លារជាមួយក្រុមហ៊ុនខ្នាតយក្សអាមេរិក General Electric (GE) ដើម្បីបញ្ជាទិញម៉ាស៊ីនបំពាក់ដល់យន្តហោះចម្បាំង Tejas Mark-1A របស់ខ្លួនចំនួន ១១៣គ្រឿងដែលផលិតក្នុងស្រុក។
ក្រោយចុះកុងត្រារួច ក្រុមហ៊ុន GE នឹងប្រគល់ម៉ាស៊ីនយន្តហោះចម្បាំងធុន GE-F404 ថ្មីចំនួន ១១៣ម៉ាស៊ីនទៅឱ្យក្រុមហ៊ុនផលិតសព្វាវុធការពារជាតិឥណ្ឌា PSU Hindustan Aeronautic (HAL) គិតចាប់ពីឆ្នាំ ២០២៧ដល់២០៣២។
ប្រធានក្រុមហ៊ុន HAL លោក D K Sunil និយាយថា នៅពេលការផ្គត់ផ្គង់ម៉ាស៊ីនបំពាក់ដល់យន្តហោះចម្បាំងម៉ាស៊ីនមួយ Tejas Mark-1A រួចរាល់ នោះពួកវានឹងត្រូវដាក់ដំណើរការបម្រើកងទ័ពអាកាសឥណ្ឌាភ្លាមៗ។
បើតាមការលើកឡើងរបស់លោក D K Sunil, បច្ចុប្បន្នឥណ្ឌាមានយន្តហោះចម្បាំង Tejas ក្នុងដៃចំនួន ១១គ្រឿងរួចហើយ ក្នុងនោះមាន ៤គ្រឿងបំពាក់ម៉ាស៊ីន GE ថ្មី។ ឥណ្ឌាមានគោលបំណងដាក់ពង្រាយយន្តហោះចម្បាំង Tejas ចំនួន ១០គ្រឿងក្នុងជួរកងទ័ពអាកាសនៅត្រឹមចុងខែមិនា ឆ្នាំ២០២៦។
ការកុងត្រានេះដែរ កើតឡើងជាងមួយខែប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានបញ្ជាទិញយន្តហោះចម្បាំងធុនស្រាល Mk1A ចំនួន ៩៧គ្រឿងក្នុងតម្លៃ ៧ ពាន់លានដុល្លារពីក្រុមហ៊ុន HAL។
ក្នុងនាមជាប្រទេសនាំចូលសព្វាវុធធំជាងគេបំផុតមួយរបស់ពិភពលោក ប្រទេសឥណ្ឌាបានចាត់ទុកការធ្វើទំនើបកម្មកងកម្លាំងរបស់ខ្លួនក្លាយជារឿងអាទិភាពចម្បង និងបានទទូចម្តងហើយម្តងទៀតឱ្យមានការជំរុញផលិតកម្មយោធូបករណ៍ក្នុងស្រុក៕
ប្រភព ៖ Times of India ប្រែសម្រួល ៖ ឈឹម ទីណា
