សត្វក្ងោក ជាសត្វកម្ររបស់ពិភពលោក ក្នុងឆ្នាំ២០២៥នេះ ត្រូវបានបង្កាត់ពូជ​យ៉ាងជោគជ័យ​ចំនួន ៧ក្បាល នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)

(ភ្នំពេញ)៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបង្ហាញ​ពីភាពជោគជ័យក្នុងការបង្កាត់ពូជសត្វក្ងោកដែលជាសត្វមួយដ៏កម្ររបស់ពិភពលោកនាពេលបច្ចុប្បន្ន។ ឆ្លងកាត់តាមរយៈការបង្កាត់ពូជកន្លងមក ហើយឈានដល់​ឆ្នាំ២០២៥នេះត្រូវបានបង្កាត់យ៉ាងជោគជ័យ ដោយកូនក្ងោកចំនួន ៧ក្បាល​ត្រូវ​បានញាស់ចេញពីមេរបស់វា។

ក្ងោក ជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅតាមតំបន់ ព្រៃល្បោះចម្រុះ តាមមាត់ទឹក ជាយព្រៃ ព្រៃឫស្សី ព្រៃស្រោង និងព្រៃពាក់​កណ្តាលស្រោង ។

សត្វប្រភេទនេះ វាមានបណ្តោយខ្លួនធំ ជើងវែង កវែង ស្លាប និង ខ្លួនពណ៌បៃតងភ្លឺ កំប៉ោយឈរត្រង់ មានកន្ទុយធំវែងមានដៅពណ៌លឿងលាយខៀវដូចភ្នែករាប់រយ សត្វញីស្រដៀងឈ្មោលដែរ តែពណ៌ស្រអាប់ជាង និងមានកន្ទុយខ្លី។ នៅរដូវ​បន្តពូជ សត្វឈ្មោលបើកកន្ទុយវែងដូចផ្លិត ដើម្បីទាក់ទាញសត្វញី ហើយវារក​ចំណីជាហ្វូង និងរស់នៅតាមដើមឈើខ្ពស់ៗ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងថា ”សត្វប្រភេទនេះបាន​បង្កាត់​ពូជ​ប្រកបដោយជោគជ័យអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាផ្នែក​មួយ​នៃកម្មវិធីរក្សាទុករបាយប្រជាសាស្ត្រដែលធានាកុំឱ្យវិនាសផុតពូជ។ ហើយនាពេល​ថ្មីៗនេះ ក្នុងឆ្នាំ២០២៥ ពួកវាបានបង្កាត់ពូជ និងញាស់កូនចំនួន ៧ ក្បាល​ប្រកប​ដោយ​ជោគជ័យផងដែរ”។

គួរបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់អង្គការ IUCN នៅក្នុងឆ្នាំ២០១៨ ប្រភេទនេះនៅតែជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជដដែល។ ហើយសត្វនេះ​ទៀត​សោតក៏ត្រូវបានគេចាត់ទុកថាជាបក្សីដែលមានចំនួនប្រជាសាស្ត្រសរុបប្រមាណជា ១៥,០០០ ទៅ ២៩,៩៩៩ ក្បាលប៉ុណ្ណោះនៅទូទាំង​ពិភព​លោក ដោយក្នុងចំណោម​នោះក៏មានសត្វពេញវ័យ​ប្រមាណជា ១០,០០០ ទៅ ១៩,៩៩៩ ក្បាល។

សម្រាប់ទីជម្រក និងបរិស្ថានរស់នៅរបស់សត្វក្ងោកគឺនៅស្ទើរតែគ្រប់ប្រភេទព្រៃ រាប់ចាប់ពីព្រៃព្រហ្មចារី ព្រៃដែលត្រូវបានរុករាន ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃឫស្សី ព្រៃរបោះ វាលស្មៅ ព្រៃស្រល់ ព្រៃគម្ពោត ព្រៃល្បាស់។ ម្យ៉ាងវិញទៀត ពួកវាក៏ចូលចិត្តរស់នៅខ្លាំងតាមព្រៃរបោះ និងតាមវាលចម្ការ ហើយរបបចំណីបក្សី​ប្រភេទនេះក៏ជាពពួកសត្វសព្វាសី។

នៅក្នុងប្រទេសកម្ពុជា បើយោងទៅតាមអ្នកស្រាវជ្រាវ ពួកយើងមានសត្វដ៏ស្រស់​ស្អាតនេះប្រមាណជាង ១,០០០ ក្បាល ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner