អេហ្ស៊ីបចរចាទិញយន្តហោះចម្បាំង F-15 ពីអាមេរិក
វ៉ាស៊ីនតោន ៖ ការចរចារវាងអាមេរិក និងអេហ្ស៊ីប ទាក់ទិនការទិញ-លក់ដ៏មានសក្តានុពល នៃយន្តហោះចម្បាំង F-15 ឈានដល់ដំណាក់កាលថ្មី ប៉ុន្តែនៅពុំទាន់មានកិច្ចព្រមព្រៀងចុងក្រោយនៅឡើយទេ។ នេះបើតាមប្រភពដឹងលឺពីការចរចានោះ។
ការចរចាទិញ-លក់យន្តហោះចម្បាំង F-15 រវាងអាមេរិក-អេហ្ស៊ីប ទទួលបានការចាប់អារម្មណ៍សាជាថ្មីនៅក្នុងខែវិច្ឆិកាឆ្នាំនេះ បន្ទាប់ពីត្រូវបានពន្យារពេល និងមានភាពមិនច្បាស់លាស់ ជុំវិញដំណើរការនៃកិច្ចព្រមព្រៀង។
ក្រៅពីជម្រើសបញ្ជាទិញយន្តហោះចម្បាំង F-15, អេហ្ស៊ីបក៏កំពុងពិចារណាបញ្ជាទិញយន្តហោះចម្បាំងចិនផងដែរ ក្នុងនោះរួមមានយន្តហោះចម្បាំង J-10C និង J-35A។
ការសម្រេចចិត្តនេះ ឆ្លុះបញ្ចាំងពីគោលនយោបាយមានភាពបត់បែនរបស់អេហ្ស៊ីប ក្នុងការធ្វើទំនើបកម្មវិស័យការពារជាតិ និងកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើអ្នកផ្គត់ផ្គង់ឧបករណ៍យោធាលោកខាងលិច នៅពេលកិច្ចព្រមព្រៀងជាប់គាំង ឬក្លាយជាភាពស្មុគស្មាញផ្នែកនយោបាយ។
យ៉ាងណាមិញ ទោះបីការចរចាទិញ-លក់យន្តហោះចម្បាំង F-15 ជាប់គាំងក៏ដោយ កិច្ចសហប្រតិបត្តិការយោធារវាងអេហ្ស៊ីប-អាមេរិកនៅតែបន្តដំណើរការ។ តួយ៉ាង សហរដ្ឋអាមេរិកបានអនុម័តលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស NASAMS ដល់អេហ្ស៊ីប នៅក្នុងកិច្ចព្រមព្រៀងមានតម្លៃដល់ទៅ ៤.៧ពាន់លានដុល្លារ៕
ប្រភព ៖ Defence Blog ប្រែសម្រួល ៖ ឈឹម ទីណា