តាលីបង់តវ៉ា បន្ទាប់ពីគេមិនឲ្យចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ

កាប៊ុល ៖ រដ្ឋាភិបាលតាលីបង់ កាលពីថ្ងៃអាទិត្យ បានតវ៉ា ចំពោះមិនមានការអញ្ជើញ ទៅកិច្ចប្រជុំកំពូលអាកាសធាតុ របស់អង្គការសហប្រជាជាតិ។

រដ្ឋាភិបាលតាលីបង់ បានសម្តែងការខកចិត្ត ដែលខ្លួនមិនត្រូវបានអញ្ជើញឱ្យចូលរួម នៅក្នុងសន្និសីទ COP30 បើទោះបីជាអាហ្វហ្គានីស្ថាន គឺជាប្រទេសមួយ ដែលងាយរងគ្រោះបំផុត ចំពោះការប្រែប្រួលអាកាសធាតុក៏ដោយ។

សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ លើកទី៣០ របស់អង្គការសហប្រជាជាតិ នឹងបើក នៅថ្ងៃចន្ទនេះ ហើយគ្រោងនឹងទាក់ទាញអ្នកតំណាង មកពីប្រទេសជាច្រើន ទៅកាន់ប្រទេសប្រេស៊ីល។

ទីភ្នាក់ងារការពារបរិស្ថានជាតិ របស់អាហ្វហ្គានីស្ថាន ហៅកាត់ NEPA បានសម្តែងនូវ “ការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួន ចំពោះការពិតដែលថា ទោះបីជាអាហ្វហ្គានីស្ថានជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះនឹងអាកាសធាតុក៏ដោយ ប៉ុន្តែជាអកុសល ប្រទេសនេះ មិនបានទទួលការអញ្ជើញជាផ្លូវការ” ទៅកាន់ COP30 នោះទេ។

អាជ្ញាធរតាលីបង់ ដែលបានឡើងកាន់អំណាច ក្នុងឆ្នាំ២០២១ ជឿថា ភាពឯកោខាងការទូតរបស់ពួកគេមិនគួររារាំងពួកគេ ពីការចូលរួមក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុអន្តរជាតិឡើយ។

សេចក្តីថ្លែងការណ៍ NEPA បាននិយាយថា «ការដកប្រជាជនអាហ្វហ្គានីស្ថាន ចេញពីសិទ្ធិចូលរួមក្នុងសន្និសីទនេះផ្ទុយនឹងគោលការណ៍ នៃយុត្តិធម៌អាកាសធាតុ កិច្ចសហប្រតិបត្តិការពិភពលោក និងសាមគ្គីភាពរបស់មនុស្ស»។

អាហ្វហ្គានីស្ថានមានចំនួនប្រមាណ ០.០៦ភាគរយ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ទូទាំងពិភពលោក ហើយ ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលងាយរងគ្រោះបំផុត ចំពោះផលប៉ះពាល់មួយចំនួន នៃការប្រែប្រួលអាកាសធាតុ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រ។

យោងតាមអង្គការសហប្រជាជាតិ ប្រជាជនប្រហែល ៨៩ ភាគរយពឹងផ្អែកលើវិស័យកសិកម្មសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ។

ប្រភពបាននិយាយ នៅក្នុងខែមេសាថា «រវាងឆ្នាំ២០២០ និង ២០២៥ អាហ្វហ្គានីស្ថានបានជួបប្រទះគ្រោះរាំងស្ងួត ម្តងហើយម្តងទៀត ប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពទប់ទល់ និងកាត់បន្ថយកម្រិតទឹកក្រោមដីយ៉ាងខ្លាំង ក្នុងករណីខ្លះ រហូតដល់ ៣០ ម៉ែត្រ» ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner