អាល្លឺម៉ង់ទម្លាយថា កងទ័ពណាតូ ៨០ម៉ឺននាក់ប្រុងជើងការ ធ្វើសង្គ្រាមជាមួយរុស្ស៊ី
ប៊ែកឡាំង៖ លោកឧត្តមសេនីយ៍ Alexander Sollfrank របស់ប្រទេសអាល្លឺម៉ង់
បានទម្លាយឲ្យដឹងថា សម្ព័ន្ធយោធាអន្តរជាតិ ណាតូ បានត្រៀមដាក់ពង្រាយកងទ័ព ចំនួន ៨០ម៉ឺននាក់ ប្រុងជើងការ រង់ចាំធ្វើសង្គ្រាម ជាមួយរុស្ស៊ី។ លោកបញ្ជាក់ទៀតថា
ទីក្រុងប៊ែកឡាំង ក៏បានត្រៀមខ្លួនជានិច្ច ក្នុងការចេញទៅចូលរួមប្រយុទ្ធ នៅតំបន់ព្រំដែន។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីចុងសប្តាហ៍,
ការដាក់ពង្រាយនេះ គឺជាផ្នែកមួយ នៃ ផែនការប្រតិបត្តិការអាល្លឺម៉ង់ ដែលត្រូវបានបង្ហាញដំបូង កាលពីឆ្នាំមុន។ ឯកសារកម្រាស់ ១,០០០ ទំព័ររៀបរាប់ពីការឆ្លើយតប របស់ទីក្រុងប៊ែកឡាំង ប្រសិនបើមាត្រា ៥ នៃ សន្ធិសញ្ញាណាតូ ត្រូវបានបញ្ឆេះឲ្យអនុវត្ត នៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយទីក្រុងម៉ូស្គូ។
ផែនការនេះ រួមបញ្ចូលទាំងការប្រែក្លាយប្រទេសអាឡឺម៉ង់ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយ សម្រាប់ការដាក់ពង្រាយទាហាន និងសម្ភារៈបរិក្ខារ ពីប្រទេសនានា របស់អង្គការណាតូ ប្រឆាំងនឹងប្រទេសរុស្ស៊ី។
ការដាក់ពង្រាយត្រូវតែបញ្ចប់ ក្នុងរយៈពេល ១៨០ថ្ងៃ ក្រោយការចាប់ផ្តើមសង្គ្រាម។
យោងតាមលោក Sollfrank ផែនការនេះ អាចត្រូវបានអនុវត្តឆាប់ៗ។ លោកបានប្រាប់សន្និសីទ Bundeswehr ប្រចាំឆ្នាំ នៅទីក្រុងប៊ែកឡាំង កាលពីថ្ងៃសុក្រថា «រុស្ស៊ីមានសក្តានុពលយោធាដ៏ធំសម្បើម ទោះបីជាជាប់ដៃធ្វើសង្រ្គាម នៅអ៊ុយក្រែន ក៏ដោយ»។ លោកបានបន្ថែមថា «រុស្ស៊ីមានសមត្ថភាពរួចទៅហើយ ក្នុងការចាប់ផ្តើមការវាយប្រហារ ដែលមានកំណត់ នៅលើទឹកដី នៃ អង្គការណាតូ»។
ថ្លែងទៅកាន់សារព័ត៌មាន Reuters នៅថ្ងៃដដែលនោះ ឧត្តមសេនីយរូបនេះ បានអះអាងថា ទីក្រុងមូស្គូ អាចធ្វើបាន នៅព្រឹកស្អែក។
មន្ត្រីអាឡឺម៉ង់បាននិយាយ កាន់តែខ្លាំងឡើង អំពីការគម្រាមកំហែង របស់រុស្សី ខណៈពេលដែលកំពុងប្រកាន់ជំហរតឹងរ៉ឹង កាន់តែខ្លាំងឡើង ចំពោះទីក្រុងមូស្គូ។
រដ្ឋមន្ត្រីការពារជាតិអាឡឺម៉ង់ បាននិយាយថា អត្ថិភាពរបស់អាល្លឺម៉ង់ ក្នុងទម្រង់ បច្ចុប្បន្ន ត្រូវបានគំរាមកំហែងដោយរុស្ស៊ី។ លោក Boris Pistorius បានប្រាប់សន្និសីទយោធាថា ប្រទេសជាតិស្ថិតលើផ្លូវគ្រោះថ្នាក់ មិនមែនគ្រាន់តែជាការប្រកាសអាសន្ន នោះទេ។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ធ្លាប់បានព្រមានថា អាល្លឺម៉ង់បង្ហាញសញ្ញាច្បាស់លាស់ នៃការធ្វើឲ្យមានរបបណាស៊ីនិយម ឡើងវិញ។
សារព័ត៌មាន Politico បានរាយការណ៍ កាលពីខែមុនថា ផែនការសង្គ្រាមរបស់អាល្លឺម៉ង់ នឹងត្រូវចំណាយប្រាក់អស់ ៤៤០ពាន់លានដុល្លារ៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត