អង់គ្លេសសង់ស្ថានីយថាមពលខ្យល់ធំបំផុតលើលោក រំពឹងជួយសេដ្ឋកិច្ចបានជិត ៨ ពាន់លានដុល្លារ
ឡុងដ៍ ៖ ចក្រភពអង់គ្លេសកំពុងសាងសង់ស្ថានីយថាមពលខ្យល់ធំជាងគេបំផុតក្នុងលោក មានឈ្មោះថា Dogger Bank ហើយវាត្រូវបានគេរំពឹងថា នឹងជួយស្រូបទាញប្រាក់ជិត ៨ពាន់លានដុល្លារចូលសេដ្ឋកិច្ចអង់គ្លេស និងផ្គង់ផ្គត់ថាមពលស្អាតដល់លំនៅដ្ឋានប្រហែល ៦លានខ្នងក្នុងមួយឆ្នាំ។ នេះបើតាមការចេញផ្សាយពី interesting engineering ។
របាយការណ៍សេដ្ឋកិច្ចរបស់ក្រុមហ៊ុនសាងសង់គម្រោងខ្នាតយក្សមួយនេះ បានឱ្យដឹងថា ស្ថានីយថាមពលស្អាត Dogger Bank នឹងជួយបង្កើតការងារពេញម៉ោងប្រហែល ៣,៦០០កន្លែង ក្នុងដំណាក់កាលសាងសង់នៅឆ្នាំនេះ ហើយការដាក់ដំណើរការពេញលេញទំនងជាធ្វើឡើងនៅឆ្នាំ ២០២៧ ។
រដ្ឋមន្ត្រីថាមពលអង់គ្លេស លោក Michael Shanks បានហៅ Dogger Bank ជានិមិត្តសញ្ញានៃការផ្លាស់ប្តូរទៅកាន់ថាមពលស្អាតផលិតក្នុងស្រុក ហើយថា ថាមពលខ្យល់មានតម្លៃថោក ជាថាមពលស្អាត និងសុវត្ថិភាពជាងឧស្ម័នធម្មជាតិ ពិសេសជួយកាត់បន្ថយតម្លៃអគ្គិសនីយ៉ាងច្រើន ។
គម្រោងនេះជាកិច្ចសហការរវាងក្រុមហ៊ុន SSE ៤០ភាគរយ, ក្រុមហ៊ុន Equinor ៤០ភាគរយ និងក្រុមហ៊ុន Vårgrønn ២០ភាគរយ ។ ក្រុមហ៊ុន SSE ទទួលខុសត្រូវលើការអភិវឌ្ឍ និងសាងសង់ ហើយក្រុមហ៊ុន Equinor នឹងគ្រប់គ្រងប្រតិបត្តិការបន្ទាប់ពីបញ្ចប់រហូតដល់អាយុកាលគម្រោង៣៥ឆ្នាំ ។
កសិដ្ឋាននេះរួមមាន ៣ ដំណាក់កាលសំខាន់ៗរួមមាន Dogger Bank A ៩៥តួប៊ីន, Dogger Bank B ៩តួប៊ីន, Dogger Bank C ៨៧តួប៊ីន ។ គម្រោងនីមួយៗមានសមត្ថភាពដំឡើងថាមពល ១,២Gigawatt។ អគ្គិសនីដែលផលិតនៅក្រៅឆ្នេរសមុទ្រ នឹងត្រូវបញ្ជូនតាមខ្សែកាបក្រោមសមុទ្រ មុនចូលបណ្តាញអគ្គិសនីជាតិ ។
យោងតាមការព្យាករ, គម្រោងថាមពលខ្យល់ខ្នាតយក្សនេះ នឹងមានសមត្ថភាពផលិតអគ្គិសនីសរុប ៣,៦gigawatt ដែលគ្រប់គ្រាន់ផ្គត់ផ្គង់ថាមពលស្អាតដល់លំនៅដ្ឋានប្រហែល ៦លានខ្នងក្នុងមួយឆ្នាំ ដែលស្មើនឹង៥ភាគរយនៃតម្រូវការអគ្គិសនីសរុបទូទាំងប្រទេសអង់គ្លេស ៕
ប្រភព ៖ interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា
