វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍​រដ្ឋា​ភិ​បាល​ឌីជិថលនិងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ក្រោមប្រធានបទ៖ ការពន្លឿនអនាគត​ឌីជីថល៖ អភិ​បាលកិច្ច កំណើន និងភាពជាដៃគូសកល

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌល​សន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ។

ពិព័រណ៍នេះធ្វើឡើង ក្នុងគោលបំណង ៖
១) បង្ហាញអំពីដំណើរវិវឌ្ឍន៍នៃអភិបាលកិច្ចឌីជីថលនៅ​កម្ពុជា
២) ជំរុញឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យ​ឌីជីថលក្នុងតំបន់អាស៊ាន
៣) លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ
និង ៤) ចែករំលែកនវានុវត្តន៍ឌីជីថលរបស់រដ្ឋាភិបាល និងវិស័យឯកជន។

វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍​បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែក​បទ​ពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើ​បរិវត្តកម្ម​ឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជី​ថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និង​ដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន​បច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយអង្គការ​សហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អង្គការយូនីសេហ្វ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play មកពីតំបន់ Silicon Valley សហរដ្ឋអាម៉េរិកជាដើម។

ក.ប.ទ. សូមអញ្ជើញក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ និងធុរកិច្ចថ្មីឌីជីថល ចូលរួមពិព័រណ៍បច្ចេកវិទ្យាឌីជីថលខាងលើ ដើម្បីតាំងបង្ហាញថ្នាល ដំណោះស្រាយឌីជីថល និងបច្ចេកវិទ្យាឌីជីថលចុងក្រោយជូនដល់សាធារណជន។

ជាមួយគ្នានេះ ក.ប.ទ. សូមអញ្ជើញ ម្ចាស់ក្រុមហ៊ុន សិស្ស និស្សិត និងសាធារណជន ចូលរួមព្រឹត្តិការណ៍​ខាងលើឱ្យបានច្រើនកុះករ ដើម្បីស្វែងយល់ឱ្យកាន់​តែស៊ី​ជម្រៅនូវឧត្តមានុវត្តន៍នៃការអភិវឌ្ឍបច្ចេក​វិទ្យា​ឌីជីថល​របស់កម្ពុជាផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ​ទូរសព្ទលេខ ០៩២ ៨៨៦ ២៤២/០៩៦ ៧៧៧ ៧៥១៥ ឬអ៊ីមែល pr@dgc.gov.kh (សម្រាប់​វេទិ​ការដ្ឋាភិបាលឌីជីថល) និង ០១២ ៧១៣ ៧១៤ ឬអ៊ីមែល kamrang-eang@mptc.gov.kh (សម្រាប់​ស្តង់ពិព័រណ៍ក្រុមហ៊ុនបច្ចេកវិទ្យា ប្រតិបត្តិករ​ផ្តល់សេវាទូរគមនាគមន៍ និងធុរកិច្ចថ្មីឌីជីថល)៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner