លោក ពូទីន នឹងហោះទៅឥណ្ឌា ក្រោយអាមេរិកដាក់សម្ពាធឥណ្ឌាឈប់ទិញប្រេងរុស្ស៊ី

អត្ថបទដោយ៖
ធី ដា

មូស្គូ ៖ វិមានក្រឹមឡាំងនិយាយថា ខ្លួនកំពុងរៀបចំយ៉ាងសកម្ម សម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ប្រទេសឥណ្ឌាឱ្យបានមុនដំណាច់ឆ្នាំ២០២៥នេះ ហើយសង្ឃឹមថា វានឹងក្លាយជាដំណើរទស្សនកិច្ចដ៏សំខាន់មួយ។

ការសម្រេចចិត្តរបស់លោក ពូទីន ទៅទស្សនកិច្ចឥណ្ឌា កើតឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជំរុញម្តងហើយម្តងទៀតដល់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ឱ្យប្រទេសឥណ្ឌាឈប់ទិញប្រេងពីប្រទេសរុស្ស៊ី។ ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀតដែលទិញប្រេងពីរុស្ស៊ីច្រើនជាងគេ។

បើតាមការលើកឡើងរបស់វិមានក្រឹមឡាំង, លោកប្រធានាធិបតី ពូទីន នឹងទៅទស្សនកិច្ចប្រទេសឥណ្ឌាក្នុងអំឡុងខែធ្នូខាងមុខ។ មេដឹកនាំរុស្ស៊ីរូបនេះ ធ្លាប់បានទៅប្រទេសឥណ្ឌាលើកចុងក្រោយ កាលពីខែធ្នូ ឆ្នាំ២០២១ ពោលគឺប៉ុន្មានខែមុនពេលបញ្ជាឱ្យកងទ័ពរុស្ស៊ីចូលលុកលុយប្រឆាំងនឹងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ដំណឹងពីដំណើរទស្សនកិច្ចរបស់លោក ពូទីន នេះដែរ កើតឡើងចំពេលរុស្ស៊ីនិងអាមេរិក កំពុងមានភាពតានតឹងនុយក្លេអ៊ែរជាមួយគ្នា ពាក់ព័ន្ធនឹងការធ្វើតេស្តអាវុធ។

យោងតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) បានឱ្យដឹងថា រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេដល់ទៅ ៥,៤៥៩គ្រាប់, អាមេរិកមាន ៥,១៧៧គ្រាប់ និង ចិនត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ ១,៥០០គ្រាប់នៅត្រឹមឆ្នាំ២០៣៥៕

ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner