ក្រសួងការងារ និងសមាគមកម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រឹងភាពជាដៃគូជំរុញលើការបណ្តុះបណ្តាលជំនាញ
(ភ្នំពេញ)៖ ក្រសួងការងារកម្ពុជានិង សមាគមកម្ពុជា-ជប៉ុន (JCA) បានបង្ហាញពីឆន្ទៈរួមគ្នានៅក្នុងការពង្រឹងភាពជាដៃគូលើការជំរុញ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនកម្ពុជា ជាពិសេស ការផ្ដល់ឱកាសទៅធ្វើការនៅក្នុងប្រទេសជប៉ុន។
ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងឱកាស ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ដែលបានដឹកនាំប្រតិភូ ២៩រូប ដែលជាថ្នាក់ដឹកនាំសមាគម JCA និងតំណាងក្រុមហ៊ុនសមាជិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ជំនួបដ៏មានសារសំខាន់នេះ មានគោលបំណងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពទីផ្សារការងារ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងផ្លាស់ប្តូរយោបល់ក្នុងការសិក្សាលទ្ធភាពសហការលើគម្រោងផ្សេងទៀត និងចែករំលែកអំពីវឌ្ឍនភាព នៃគម្រោងដែលបានអនុវត្តជាមួយក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូសមាគមកម្ពុជា-ជប៉ុន និងបានកោតសរសើររួមទាំងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងល្អប្រសើរ នៃកិច្ចសហការដែលក្រសួងមានជាមួយ JCA ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្តល់ឱកាសទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន លើជំនាញថែទាំ និងជួសជុលយានយន្ត។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការស្វាគមន៍រាល់កិច្ចសហការទាំងអស់ជាមួយភាគីជប៉ុន ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនកម្ពុជា ជាពិសេស ការផ្ដល់ឱកាសទៅធ្វើការនៅក្នុងប្រទេសជប៉ុន។
ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន ក៏បានគូសបញ្ជាក់ និងកត់សម្គាល់ដូចគ្នាពីភាពរីកចម្រើនកាន់តែល្អប្រសើរនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួង ជាពិសេស ការបញ្ជូនសិក្ខាកាមទៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុនសមាជិកសមាគមកម្ពុជា-ជប៉ុន ។ បន្ថែមពីនេះ ដើម្បីជំរុញការវិនិយោគរបស់ជប៉ុនបន្ថែមទៀត ឯកឧត្តមប្រធានសមាគមកម្ពុជា-ជប៉ុន បានស្នើឱ្យពង្រឹងនូវកិច្ចសហការ និងការគាំទ្របន្ថែមពីក្រសួងការងារ សម្រាប់ការវិនិយោគរបស់ជប៉ុនជាបន្តបន្ទាប់នៅកម្ពុជា៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា









