ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ដំណើរការ នៃ​ការ​ធ្វើជំរឿន មិនមែនជាដំណើរការអនុវត្ត​ការវះកាត់ រកកំហុសរបស់មន្ត្រីនោះឡើយ

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មាន​ប្រសាសន៍​ថា ដំណើរការនៃការធ្វើជំរឿននេះ មិនមែន​ជា​ដំណើរការនៃការអនុវត្តការវះកាត់ រកកំហុសរបស់​មន្ត្រីដែលអាចឈានទៅដល់ការដាក់វិន័យ ឬវះកាត់​នោះទេ។ អ្វីដែលយើងអនុវត្តធ្វើនៅពេលបច្ចុប្បន្ន គឺធ្វើយ៉ាងណាឱ្យទិន្នន័យដែលយើងមាននៅក្នុងប្រព័ន្ធ ផ្ទៀងផ្ទាត់ជាក់ស្តែងទៅលើរចនាសម្ព័ន្ធ និងមន្ត្រី​ដែល​កំពុងបំពេញការងារជាក់ស្តែងតែម្តង ដោយពុំមានការ​ប្រែប្រួលនូវទិន្នន័យណមួយនោះទេ។ ទិន្នន័យដែល​មាន​ភាពច្បាស់លាស់ ដែលមានការឯកភាព និងប្រើ​ប្រាស់​បាន គឺជាមូលដ្ឋានគ្រឹះ នៃការធ្វើទំនើបកម្ម​ប្រព័ន្ធ​រដ្ឋបាលសាធារណៈ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​មុខងារ​សាធារណ មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញផ្តល់​បទសម្ភាស​ជូនអ្នកសារព័ត៌មាន មុនចាប់ផ្តើមយុទ្ធនា​ជំរឿនមន្ត្រី នៅក្រសួងមុខងារសាធារណៈ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បញ្ជាក់ថា ការរៀប​ចំ​ធ្វើជំរឿននេះ មិនមែនជាលើកទី១ ទេនៅ​ក្នុងប្រវត្តិរបស់ព្រះរាជាណាចក្រកម្ពុជា លើកទី១ នៅឆ្នាំ១៩៩៥ លើកទី២ នៅចន្លោះឆ្នាំ១៩៩៩​-២០០១ និងលើកទី៣ នៅឆ្នាំ២០១០។ នៅឆ្នាំ​២០២៥នេះ គឺជាដំណើរការនៃការដឹកនាំ និង​ចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ផ្អែកទៅ​លើអភិក្រម «រៀបចំផ្ទះឱ្យបានរៀបរយ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការរំពឹង​ទុក​នៃការអនុវត្តការធ្វើជំរឿនរចនាសម្ព័ន្ធ ក៏ដូចជាមន្ត្រី​កំពុងបំពេញភារកិច្ចជាក់ស្តែងតាមគោលដៅដែលគណៈកម្មការចុះទៅនេះ៖

ទី១.យើងចង់បាននូវទិន្នន័យច្បាស់លាស់ ដោយមាន​ការឯកភាពគ្នា និងប្រើប្រាស់រួមគ្នាតែម្តង ក្នុងប្រព័ន្ធ​រដ្ឋបាលសាធារណៈ, ទី២.ការគ្រប់គ្រងឱ្យ​រឹតតែច្បាស់​លាស់បន្ថែមទៅលើរចនាសម្ព័ន្ធបច្ចុប្បន្ន ក៏ដូចជាមន្ត្រី​ដែលបំពេញភារកិច្ចជាក់ស្តែងនៅតាមគោលដៅនីមួយៗ។ ចេញពីមូលដ្ឋាននៃទិន្នន័យទាំងអស់នេះ ការរៀប​ចំ​ផែ​នការក្របខ័ណ្ឌ ផែនការជ្រើសរើសមន្ត្រី ការបណ្តុះ​បណ្តាល​​បង្កើនសមត្ថភាពរបស់មន្ត្រី ការពង្រាយមន្ត្រី ការស្នើដំឡើង ឋានន្តរសក្តិជាដើម។

ឯកឧត្តមសូមជម្រាបជូនដល់មន្ត្រីរាជការស៊ីវិលទាំងអស់ នៅគ្រប់គោលដៅ សូមចូលរួមទាំងអស់គ្នា និងសូមកុំឱ្យ​មាន​ការព្រួយបារម្ភ។ ប្រសិនបើមានចំណុចណា​ដែល​ចង់ស្វែងយល់ ក៏ដូចជាសុំព័ត៌មានបន្ថែម ក្រុមការងារ នៃ​ក្រសួងមុខងារសាធារណៈ និងក្រុមការងារធ្វើ​បច្ចុប្បន្ន​ភាព និងជំរឿនមន្ត្រីតាមរចនាសម្ព័ន្ធ រង់ចាំការឆ្លើយ ដើម្បី​ផ្តល់ជាព័ត៌មានកាន់តែមានភាពច្បាស់លាស់។ ដំណើរការនាពេលនេះ ពិតជាត្រូវការចាំបាច់នៃការចូល​រួមទាំងអស់គ្នា ត្រូវការសហការចូលរួមអនុវត្តដោយមាន​ការទទួលខុសត្រូវទាំងអស់គ្នា។ ឯកឧត្តមក៏បាន​អំពាវ​នាវ​ឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការស៊ីវិលតាម​អង្គ​ភាព​នៃក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សាសាធារណៈ និង​អង្គភាពសុខាភិបាលមូលដ្ឋាន សូមត្រៀមខ្លួនក្នុង​ការ​ចូល​រួមចំណែកទាំងអស់គ្នា ព្រោះថាការចូលរួមនេះ ពិតជាមានសារៈសំខាន់ ក្នុងដំណើរការនៃការកែទម្រង់​រដ្ឋបាលសាធារណៈ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner