UN ថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា មិនអាចយល់បាន
ប៊ែន ៖ ប្រធានសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ហៅកាត់ អ.ស.ប បានអះអាងថា ការរៀបចំការបោះឆ្នោត នៅប្រទេសមីយ៉ាន់ម៉ា ឥឡូវនេះ មិនអាចយល់បាន។
លោក Volker Turk បាននិយាយប្រាប់ សារព័ត៌មាន AFP ក្នុងបទសម្ភាសន៍ នៅទីក្រុងប៊ែន ប្រទេសស្វីស ថ្មីៗនេះ ថា «ជាមួយនឹងប្រទេសមីយ៉ាន់ម៉ាស្ថិត ក្នុងភាពច្របូកច្របល់ ក្រោមការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និង ចំពេលមានការរំលោភសិទ្ធិ ដ៏ច្រើនសន្ធឹកសន្ធាប់នោះ វាគ្មានផ្លូវណាដែលប្រទេសនេះ អាចរៀបចំការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅខែក្រោយនោះទេ»។
នៅពេលត្រូវបានសួររថា “តើអ្នកណាម្នាក់អាចនិយាយថា ជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយរបៀបណា?” លោក Volker Turk បានឆ្លើយតប ថា “ដើម្បីរៀបចំការបោះឆ្នោត នៅក្រោមកាលៈទេសៈទាំងនេះ គឺមិនអាចយល់បាន»។
របបយោធាបានដណ្តើមអំណាច ដោយធ្វើឱ្យមានការអះអាង មិនច្បាស់លាស់ នៃការក្លែងបន្លំ នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ ដែល បក្ស NLD បានឈ្នះភ្លូកទឹកភ្លូកដី។ សង្គ្រាមស៊ីវិល ដែលមានភាគីជាច្រើន បានលេបត្របាក់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីពេលនោះមក ដោយរបបយោធាបានបាត់បង់ទឹកដីនៃប្រទេសនេះ ទៅឱ្យក្រុមទ័ពព្រៃ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និង ក្រុមប្រដាប់អាវុធជនជាតិភាគតិច ដ៏មានឥទ្ធិពល។ មិនមានចំនួនអ្នកស្លាប់ ជាផ្លូវការ សម្រាប់សង្គ្រាមស៊ីវិល របស់មីយ៉ាន់ម៉ាទេ ហើយការប៉ាន់ប្រមាណខុសគ្នា យ៉ាងទូលំទូលាយ»។
ក្រុមឧទ្ទាមបានសន្យាថា នឹងរារាំងការបោះឆ្នោត នៅតំបន់ជុំវិញ របស់ពួកគេ។ តែ ការតវ៉ាប្រឆាំងនឹងការបោះឆ្នោត ត្រូវបានដាក់ទោសជាប់ពន្ធនាគារ រហូតដល់ ១ ទសវត្សរ៍៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត