ក្រុមរដ្ឋអ៊ីស្លាម IS ប៉ុនប៉ងសម្លាប់ប្រធានាធិបតីស៊ីរីថ្មី

ដាម៉ាស់ ៖ ក្រុមភេរវកររដ្ឋអ៊ីស្លាម IS បានប៉ុនប៉ងធ្វើឃាតប្រធានាធិបតីស៊ីរីថ្មី លោក Ahmed al-Sharaa ចំនួនពីរលើក ប៉ុន្តែផែនការនោះ ត្រូវបានកងកម្លាំងរដ្ឋាភិបាលកម្ចាត់ចោលទាំងអស់ នេះបើតាមប្រភពពីមន្រ្តីជាន់ខ្ពស់ពីររូប។

ការយាយីបញ្ចប់ជីវិតលោក Sharaa កើតឡើងចំពេលដែលប្រធានាធិបតីស៊ីរីរូបនេះ កំពុងព្យាយាមបង្រួបបង្រួមអំណាចនៅក្នុងប្រទេស ដែលហែកហួរដោយសារសង្គ្រាមស៊ីវិលរយៈពេល ១៤ឆ្នាំ។ ម្យ៉ាងវិញ ផែនការនេះបានលេចឡើង ខណៈដែលស៊ីរីត្រៀមខ្លួនចូលរួមជាមួយក្រុមចម្រុះប្រឆាំងក្រុមរដ្ឋអ៊ីស្លាម ISIS ពិភពលោក ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

ការសម្រេចបែបនេះ បានបង្ហាញពីការផ្លាស់ប្តូរគោលជំហររបស់ប្រទេសស៊ីរីចាប់តាំងពីការផ្តួលរលំរបបដឹកនាំរបស់អតីតប្រធានាធិបតីស៊ីរី លោក Assad ពីការក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ី និងអ៊ីរ៉ង់ ឆ្ពោះទៅបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយលោកខាងលិច និងអារ៉ាប់។

លោកប្រធានាធិបតី Sharaa ដែលឡើងកាន់តំណែងកាលពីចុងខែធ្នូ ក្រោយកងកម្លាំងឧទ្ទាមអ៊ីស្លាមរបស់គាត់ទម្លាក់លោក Assad ក៏សង្ឃឹមយ៉ាងមុតមាំដែរថា ជំនួបរវាងលោក និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសេតវិមានក្នុងសប្តាហ៍នេះ នឹងជួយបំបែករបាំងរារាំងជំនួយអន្តរជាតិគាំទ្រដល់ស៊ីរី នៅក្នុងការកសាង និងស្តារប្រទេសឡើងវិញ។

យោងតាមធនាគារពិភពលោក (WB) ព្យាករថា ស៊ីរីត្រូវការលុយរហូតដល់ ២១៦ពាន់លានដុល្លារ ទើបអាចកសាងប្រទេសឡើងវិញក្រោយសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំ៕

ប្រភព ៖ The straits times និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner