លោក ត្រាំ ប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ចំពេលលោក ពូទីន ត្រៀមខ្លួនហោះទៅ ញូវ ដេលី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ជិតសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមិនធ្លាប់មាន ជាមួយនឹងឥណ្ឌា ចំពេលដែលរុស្ស៊ីបានប្រកាសជាផ្លូវការ អំពីដំណើរទស្សនកិច្ច របស់លោក ពូទីន ទៅកាន់ទីក្រុង ញូវ ដេលី។
ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ ជុំវិញបញ្ហាពន្ធគយ, ការចរចាពាណិជ្ជកម្ម និងបញ្ហារួមរឹតមួយចំនួនទៀត។ ប្រធានាធិបតីអាមេរិកបានដាក់ពន្ធដ៏ធំបំផុត លើប្រទេសឥណ្ឌា ដើម្បីសង្កត់ក រដ្ឋាភិបាលទីក្រុង ញូវ ដេលី ឲ្យឈប់ទិញប្រេង ពីរុស្ស៊ី ខណៈដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថា ជាការជួយផ្តល់ហិរញ្ញប្បទាន ដល់ការធ្វើសង្គ្រាមរបស់ទីក្រុងម៉ូស្គូ នៅអ៊ុយក្រែន។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃអង្គារនេះ, លោក Trump បាននិយាយ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិកកំពុងខិតជិតឈានដល់កិច្ចព្រមព្រៀង ជាមួយឥណ្ឌា ដែលនឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ រវាងប្រទេសទាំងពីរ, ជំរុញការនាំចេញថាមពលរបស់សហរដ្ឋអាមេរិក និងជំរុញការវិនិយោគ ក្នុងវិស័យសំខាន់ៗ។ លោក Trump បានអះអាងថា ប្រទេសទាំងពីរនឹងទទួលបានកិច្ចព្រមព្រៀងដោយយុត្តិធម៌ ហើយ ជាការព្រមព្រៀងលើសពីពាណិជ្ជកម្ម និង មានលក្ខណៈខុសគ្នាច្រើនជាងអ្វី ដែលប្រទេសទាំងពីរធ្លាប់មាន កាលពីពេលមុន។
លោកបានប្រាប់អ្នកយកព័ត៌មានដូច្នេះ នៅក្នុងការិយាល័យ Oval អំឡុងពិធីស្បថចូលកាន់តំណែងរបស់បេសកជនរបស់លោក ប្រចាំប្រទេសឥណ្ឌា គឺ លោក Sergio Gor។
យ៉ាងណា ការប្រកាសរបស់មេដឹកនាំរបស់អាមេរិករូបនេះ បានកើតមានឡើង ចំពេលដែលវិមានក្រឹមឡាំងបានបញ្ជាក់ ជាផ្លូវការ អំពីដំណើរទស្សនកិច្ច របស់លោក ពូទីន ទៅកាន់ប្រទេសឥណ្ឌា។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃចន្ទ , អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ច នៅ ញូវ ដេលី មុនដំណាច់ឆ្នាំនេះ ដោយលោករំពឹងថា ដំណើរនេះនឹងប្រកបដោយអត្ថន័យ ប៉ុន្តែ លោកបានបដិសេធមិនប្រាប់ពីរបៀបវារៈគ្រាន់តែបញ្ជាក់ថា ព័ត៌មានលម្អិតនឹងត្រូវបានប្រកាស នៅពេលក្រោយ។
ប្រភពបញ្ជាក់ថា ទីក្រុងមូស្គូ និង ញូវដែលី មានភាពជាដៃគូជិតស្និទ្ធជាប្រពៃណី ដោយសារតែឥណ្ឌា ក្នុងចំនោមអ្នកទិញប្រេងកំពូល របស់រុស្ស៊ី តែ ទំនាក់ទំងទ្វេភាគីនេះបានស្ថិតនៅក្រោមសម្ពាធ របស់លោកខាងលិច ក្នុងប៉ុន្មានខែ ថ្មីៗនេះ។ កាលពីចុងខែតុលា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងយក្សរបស់រុស្ស៊ី Rosneft និង Lukoil ហើយ ប្រធានាធិបតី Donald Trump ក៏បានដាក់ពន្ធ ២៥% លើឥណ្ឌា ដោយចោទប្រកាន់ថា ប្រទេសនេះបាន ផ្តល់មូលនិធិ គាំទ្រដល់សង្គ្រាមនៅអ៊ុយក្រែន តាមរយៈការទិញប្រេងរុស្ស៊ី៕
ប្រភពពី CNA, RT ប្រែសម្រួល៖ សារ៉ាត