ក្រុមហ៊ុន Lockheed Martin ដាក់មហិច្ឆតាផលិតយន្តហោះ F-35 ឲ្យបាន ២០០ គ្រឿងក្នុងឆ្នាំនេះ

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនផលិតសព្វាវុធការពារជាតិខ្នាតយក្សអាមេរិក Lockheed Martin រំពឹងថា នឹងផលិតយន្តហោះចម្បាំងបំបាំងកាយធុន F-35 Lightning II ចំនួន ២០០គ្រឿងរួចរាល់ នៅត្រឹមចុងឆ្នាំ ២០២៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Defence Industry Europe។

មូលហេតុដែលក្រុមហ៊ុន Lockheed Martin បង្កើនផលិតកម្មយន្តហោះចម្បាំង F-35 គឺក្នុងគោលបំណងឆ្លើយតបតាមកំណើនតម្រូវការអ្នកទិញទូទាំងពិភពលោក ដែលជំរុញឱ្យការបញ្ជាទិញរបស់ក្រុមហ៊ុនហក់ឡើងដល់កំណត់ត្រា ១៧៩ពាន់លានដុល្លារ។

នាយកប្រតិបត្តិក្រុមហ៊ុន Lockheed Martin លោក Jim Taiclet និយាយថា ក្រុមហ៊ុន Lockheed កំពុងដើរលើផ្លូវផលិតយន្តហោះចម្បាំងឱ្យបានមួយគ្រឿងរៀងរាល់ថ្ងៃជាប្រចាំឆ្នាំ។

តួយ៉ាង ក្រុមហ៊ុនបានចែកចាយយន្តហោះរួចរាល់ចំនួន ១៤៣គ្រឿង គិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំនេះ បើធៀបនឹងតួលេខប្រចាំឆ្នាំនៅឆ្នាំ ២០២២ មានត្រឹមតែ ២០២២ប៉ុណ្ណោះ។

លោកបន្តថា បើសិនគោលដៅកំណត់ជោគជ័យ នោះ Lockheed Martin នឹងអាចសម្រេចបានការចែកចាយយន្តហោះចម្បាំង F-35 បានច្រើនបំផុតប្រចាំឆ្នាំនៅទសវត្សរ៍នេះ ពោលគឺកើនឡើង ៦៤ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។

លោកបន្ថែមថា ការជំរុញសន្ទុះផលិតកម្មផលិតយន្តហោះចម្បាំងនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងនៃការចំណាយលើវិស័យការពារជាតិ និងកំណើនតម្រូវការសម្រាប់យន្តហោះចម្បាំងទំនើបៗរបស់ពិភពលោក។

គិតមកទល់ពេលនេះ យន្ដហោះចម្បាំងបំបាំងកាយ F-35 ច្រើនជាង ១,២០០គ្រឿង កំពុងធ្វើប្រតិបត្តិការនៅទូទាំងពិភពលោក។ F-35 ជាប្រភេទយន្ដហោះចម្បាំងពហុតួនាទីជំនាន់ទី៥ ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារទាំងលើផ្ទៃអាកាស និងទៅលើដី។

លក្ខណៈពិសេសរបស់ F-35 មានដូចជាមានល្បឿនលឿនជាងសំឡេង ១.៦ដង និងអាចបំបាំងកាយមិនឱ្យរ៉ាដាសត្រូវចាប់សញ្ញាបាន ប៉ុន្តែរបៀបបំបាំងកាយនេះ មិនត្រូវបានគេទម្លាយឱ្យដឹងនោះទេ ព្រោះវាជាកិច្ចការសំងាត់។

យន្ដហោះចម្បាំងនេះ ក៏មានបំពាក់នូវកាមេរ៉ា៣៦០ដឺក្រេ ដែលអាចផ្តិតយករូបភាពច្បាស់ល្អ ទាំងពេលយប់ និងពេលថ្ងៃ ពិសេសវាត្រូវបានបំពាក់ដោយអាវុធទំនើបៗ រួមទាំងមីស៊ីល គ្រាប់បែក ប្រព័ន្ធស៊ើបការណ៍សំងាត់ និងប្រព័ន្ធអេឡិចត្រូម៉ាញេទិចជាដើម។ នេះបើតាមប្រភពពីរ៉យទ័រ៕

ប្រភព ៖ Defence Industry Europe និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner