ក្រសួងប្រៃសណីយ៍ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាបន្ថែមចំនួន ១៩រូប ដើម្បីបង្រៀនថ្នាក់ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និង ទី៦
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និស្សិតដែលបានបញ្ចប់ការសិក្សា និងលោកគ្រូអ្នកគ្រូ មេត្តាជ្រាបថា ដោយទទួលបានភាពជោគជ័យលើជំហានទី១ នៃការរៀបចំនិងអនុវត្តកម្មវិធីថ្នាក់រៀនជំនាញឌីជីថលនៅតាមសាលាគោលដៅចំនួន៤២ ក្នុងរាជធានី-ខេត្តចំនួន៩ ដែលជាការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក.ប.ទ. ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាបន្ថែមចំនួន១៩រូប ដើម្បីបង្រៀនថ្នាក់ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដែលគ្រោងនឹងពង្រីកទៅកាន់សាលាបឋមសិក្សាគោលដៅ ១៩ទីតាំងបន្ថែម សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តចំនួន ១៤។
១. លក្ខខណ្ឌទូទៅនៃការជ្រើសរើស
- បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាព័ត៌មាន ឬជំនាញពាក់ព័ន្ធ
- បេក្ខជនដែលបានបញ្ចប់សាលាគរុកោសល្យ ឬកំពុងបំពេញមុខងារជាគ្រូបង្រៀននៅតាមខេត្តខាងលើ ត្រូវបានផ្តល់អាទិភាព (ជាការប្រសើរ)
- បេក្ខជនត្រូវមានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន
- បេក្ខជនត្រូវមានចំណេះដឹងប្រើប្រាស់កម្មវិធី Microsoft Office ច្បាស់លាស់
- បេក្ខជនមានបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការអប់រំបច្ចេកវិទ្យាឌីជីថល (ជាការប្រសើរ)
- បេក្ខជនត្រូវមានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ
- បេក្ខជនត្រូវមានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ
- បេក្ខជនត្រូវមានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម
- បេក្ខជនត្រូវមានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម
- បេក្ខជនត្រូវមានគំនិតផ្តួចផ្តើម ច្នៃប្រឌិត និងស្រាវជ្រាវ
- បេក្ខជនត្រូវទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម
- បេក្ខជនត្រូវទទួលយកភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីអ្នកគ្រប់គ្រង
- បេក្ខជនត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងកិច្ចសន្យាប្រចាំឆ្នាំរបស់ក្រុមការងាររៀបចំថ្នាក់រៀនឌីជីថល។
២. ភារកិច្ច និងការទទួលខុសត្រូវ
- រៀបចំនិងបង្រៀនមុខវិជ្ជាជំនាញឌីជីថល សម្រាប់ថ្នាក់ទី៤ ទី៥ និងទី៦ ស្របតាមការកំណត់របស់ក្រុមការងារបច្ចេកទេសរៀបចំថ្នាក់រៀនឌីជីថល
- សម្របសម្រួលបទពិសោធការរៀននិងការអនុវត្ត ដែលជំរុញការគិតវិភាគបញ្ហា ដោះស្រាយ និងជំនាញធ្វើការងារជាក្រុមនៅក្នុងថ្នាក់
- វាយតម្លៃនិងវាស់វែងវឌ្ឍនភាពរបស់សិស្ស ផ្តល់មតិយោបល់ និងផ្តល់ដំណោះស្រាយតាមតម្រូវការ នៃការរៀនសូត្ររបស់សិស្ស
- សិក្សាស្រាវជ្រាវរកវិធីសាស្ត្របង្រៀនល្អៗ និងថ្មីៗ
- ចូលរួមសហការយ៉ាងសកម្ម ជាមួយក្រុមការងារបច្ចេកទេសរៀបចំថ្នាក់រៀនឌីជីថល ដោយគោរពតាមគោលការណ៍របស់កម្មវិធីថ្នាក់រៀនជំនាញឌីជីថល។
៣. ប្រាក់បៀវត្ស និងអត្ថប្រយោជន៍
- ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមសមត្ថភាព បទពិសោធ និងគុណវុឌ្ឍិរបស់បេក្ខជន
- ទទួលបានចំណេះដឹង និងជំនាញឯកទេសថ្នាក់ឌីជីថលបន្ថែមតាមរយៈការបណ្ដុះបណ្ដាលរបស់ក្រុមការងារបច្ចេកទេសរៀបចំថ្នាក់រៀនឌីជីថល និងការណែនាំរបៀបអនុវត្តការងារជាក្រុម។
៤. កាលបរិច្ឆេទទទួលពាក្យ និងនិតិវិធីនៃការជ្រើសរើស
- បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dgclassrecruitment ឬស្កេន QR Code ខាងក្រោម ព្រមទាំងភ្ជាប់មកជាមួយសំណុំឯកសារពាក់ព័ន្ធផ្សេងៗ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី
- បេក្ខជនដែលបានជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវបានទាក់ទងឱ្យមកធ្វើបទបង្ហាញ ឬសម្ភាសជាមួយគណៈកម្មការជ្រើសរើស។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទខាងក្រោម៖ លោក ទេព សួគានី ០៨៩ ៦៤៣ ៥៩៣ (Cellcard) កញ្ញា ម៉េត ស្រីភា ០៨៦ ៦៣៣ ៥៥១ (Smart) និង លោក ស៊ុយ វណ្ណា ០១២ ៦៩៧ ៧៧៣ (Cellcard) ៕
ដោយ ៖ ង៉ាន់ ទិត្យ



