អត្តពលិកកីឡាវាយកូនបាល់វ័យក្មេងមកពី២០ប្រទេសចូល​រួមប្រជែងក្នុងពានរង្វាន់វាយកូនបាល់ ទេពឃុនណា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានរៀប​ចំ​​ការ​ប្រកួតកីឡាវាយកូនបាល់ពានរង្វាន់វាយកូនបាល់ ទេពឃុនណា (30th Annual Tep Kunnah Memorial Cup 2025) លើកទី៣០ នៅពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ រាជធានីភ្នំពេញ ដើម្បីរម្លឹកខួបអតីត​កីឡាករជើងខ្លាំងរបស់កម្ពុជា លោក ទេព ឃុនណា។

លោកស្រី ឯក ប៊ុនលក្ខិណា អគ្គហេរញ្ញិក សហព័ន្ធ​កីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍នេះដំណើរការប្រកួតចំនួន២សប្តាហ៍ ដោយសប្តាហ៍ទី១ ចាប់ផ្តើមពីថ្ងៃទី១០-១៥ ខែវិច្ឆិកា និងសប្តាហ៍ទី២ ចាប់ផ្តើមពីថ្ងៃទី១៦-២២ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកស្រី ឯក ប៊ុនលក្ខិណា បញ្ជាក់ទៀតថា ការប្រ​កួត​នេះ​មានកីឡាករ កីឡារិនីកម្រិតបច្ចេក​ទេសខ្ពស់ៗ ដោយផ្តោតសំខាន់លើអត្តពលិកវ័យក្មេង ខណៈម្ចាស់​ផ្ទះកម្ពុជាមានសមាសភាពកីឡាករ៣នាក់បានចូលរួមប្រកួតប្រជែងជាមួយកីឡាករអន្តរជាតិ ដើម្បីដក​ពិ​សោធន៍ និងបង្កើនគុណភាពបច្ចេកទេសឱ្យកាន់តែល្អ​ប្រសើរបន្ថែមទៀត។ជាមួយគ្នានេះ អគ្គហេរញ្ញិក រូបនេះ បានសង្កត់ធ្ងន់ថា សម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៥នេះ សហព័ន្ធបានត្រៀមខ្លួនជាច្រើនខែ​មក​ហើយ ដើម្បីរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយលើការ​ហូប​ចុក ស្នាក់នៅ ដឹកជញ្ជូនជាដើម ដើម្បីទទួលប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកពីប្រទេសចំនួន ២០​ផ្សេង​ទៀតឱ្យទទួលបានភាពកក់ក្តៅ និងកិត្តិយសជាតិ ក្នុងនាមជាម្ចាស់ផ្ទះផងដែរ។

លោក្រស្រី បានគូសបញ្ជាក់ថា កីឡាករ កីឡាការិនីវាយ​កូន​បាល់មកពី ២០ប្រទេស មានដូចជា ប្រទេស​ម៉ាឡេ​ស៊ី សិង្ហបុរី ចិន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ឥណ្ឌា វៀត​ណាម ជប៉ុន អង់គ្លេស ន័រវែស ព្រុយណេ រុស្ស៊ី ស្រីលង្កា អូស្ត្រាលី នូវែលសេឡង់ អូទ្រីស បង់ក្លាដែស និងបារាំងជាដើម។

សូមបញ្ជាក់ថា ការប្រកួតនេះធ្វើឡើង ដើម្បីរម្លឹកគុណ​លោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់កម្ពុជា​មួយរូបក្នុងអំឡុងឆ្នាំ១៩៦០ និងជាឪពុកបង្កើតរបស់​លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡា​វាយ​កូនបាល់កម្ពុជា។ លោក ទេព ឃុនណា គឺជាអតីត​កីឡាករវាយកូនបាល់ឆ្នើមរបស់កម្ពុជា ដែលបានទទួល​មរណៈភាពជាង២០ឆ្នាំកន្លងទៅ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner