កូឡុំប៊ីសម្លាប់ទាហានទ័ពព្រៃ ចំនួន ១៩នាក់
បូហ្គោតា ៖ យោធាប្រទេសកូឡុំប៊ី បាននិយាយថា ការវាយប្រហារតាមអាកាស បានសម្លាប់ទាហានទ័ពព្រៃ ចំនួន១៩នាក់។
មន្ត្រីយោធាកំពូល របស់ប្រទេសកូឡុំប៊ី កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា បានបង្ហាញពីការវាយលុកដ៏សាហាវ ប្រឆាំងនឹងក្រុមទ័ពព្រៃ ដែលគ្រប់គ្រងគ្រឿងញៀន។ ប្រភពបញ្ជាក់ថា ការវាយប្រហារតាមអាកាសបានសម្លាប់អ្នកប្រយុទ្ធចំនួន ១៩នាក់ នៅក្នុងតំបន់ព្រៃ Amazon របស់ប្រទេសនេះ។
ការវាយប្រហារ ដែលសំដៅលើក្រុមបំបែកខ្លួន ជាអតីតបក្សប្រឆាំង FARC បានកើតឡើង ស្របពេលដែលលោក ប្រធានាធិបតី Gustavo Petro ប្រឈមមុខនឹងការរិះគន់ នៅមុនការបោះឆ្នោត និង ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់លោក Gustavo Petro ពាក់ព័ន្ធនឹងក្រុមជួញដូរកូកាអ៊ីន ដែលប្រដាប់អាវុធ។
លោក Petro បាននិយាយថា លោកបានបញ្ជាឱ្យមាន “ការទម្លាក់គ្រាប់បែក និងការរំលាយយោធា” នៃក្រុមដឹកនាំដោយពួកឧទ្ទាម បន្ទាប់ពីបរាជ័យ ក្នុងការចរចាសន្តិភាព។
លោក Mordisco ជាអ្នកដែលត្រូវបានរដ្ឋាភិបាលតាមប្រមាញ់ និង ជាអ្នកដឹកនាំអគ្គសេនាធិការកណ្តាល EMC បានបដិសេធកិច្ចព្រមព្រៀងសន្តិភាព ឆ្នាំ២០១៦ ជាមួយរដ្ឋាភិបាលកូឡុំប៊ី។
អគ្គសេនាធិការកណ្តាល EMC បានកើនឡើងនៅក្នុងអំណាច ចាប់តាំងពីការរំសាយអាវុធរបស់ FARC ដែលដណ្តើមការគ្រប់គ្រងតំបន់ដាច់ស្រយាល តាមរយៈការជួញដូរគ្រឿងញៀន, ការជំរិតទារប្រាក់ និង ការជីកយករ៉ែខុសច្បាប់ នេះបើយោងតាមអ្នកជំនាញ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
