ប៉ាណាម៉ារឹបអូសកូកាអ៊ីនរាប់តោន ជាប់ព្រំដែនអាមេរិក
ប៉ាណាម៉ា ៖ អាជ្ញាធរប្រទេសប៉ាណាម៉ា កាលពីថ្ងៃអង្គារ បានប្រកាសពីការរឹបអូសដ៏ធំ នូវកូកាអ៊ីន ជាប់ព្រំដែនសហរដ្ឋអាមេរិក។
ប្រតិបត្តិការលើសាឡាង ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិកនេះ បានកើតមានឡើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនការដាក់ពង្រាយយោធា ប្រឆាំងគ្រឿងញៀន នៅអាមេរិកឡាទីន។
រដ្ឋអាជ្ញា Julio Villareal បានប្រាប់អ្នកយកព័ត៌មានថា គ្រឿងញៀនប្រហែល ១២តោន ត្រូវបានរឹបអូស ក្នុងប្រតិបត្តិការ កាលពីថ្ងៃចន្ទ ហើយមនុស្ស ១០នាក់ ត្រូវបានចាប់ខ្លួន។
លោកបាននិយាយថា «វាជាការដឹកជញ្ជូនដ៏ធំបំផុតមួយនៅក្នុងដែនទឹកប៉ាណាម៉ា រហូតមកដល់ពេលបច្ចុប្បន្ន»។
ប៉ាណាម៉ាគឺជាចំណុចឆ្លងកាត់ សម្រាប់កូកាអ៊ីន ពីអាមេរិកខាងត្បូង ដែលភាគច្រើន ចេញពីប្រទេសកូឡុំប៊ី មានគោលដៅ សម្រាប់សហរដ្ឋអាមេរិក ដែលជាអ្នកប្រើប្រាស់ធំបំផុតរបស់ពិភពលោក។
លោក Villareal បាននិយាយថា ជនជាតិវេណេស៊ុយអេឡា, អេក្វាទ័រ និង នីការ៉ាហ្គា ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួន នៅលើសាឡាង ដែលបានចេញដំណើរពីប្រទេស កូឡុំប៊ី។
ប៉ាណាម៉ា ក្នុងឆ្នាំ ២០២៣ រឹបអូសបានថ្នាំញៀន សរុបចំនួន១១៩តោន។ បណ្តាប្រទេសនៅអាមេរិកឡាទីន មានបំណងចង់បង្ហាញពីកិច្ចខិតខំប្រឹងប្រែង ប្រឆាំងគ្រឿងញៀន ខណៈដែលការវាយប្រហារ របស់សហរដ្ឋអាមេរិក លើកាណូត ដែលត្រូវបានចោទប្រកាន់ថា មានគ្រឿងញៀន នៅការ៉ាប៊ីន និងប៉ាស៊ីហ្វិក បានឆក់យកជីវិតមនុស្ស យ៉ាងហោចណាស់ ៧៦នាក់ មកទល់នឹងពេលនេះ។
ក្រុង វ៉ាស៊ីនតោន បាននិយាយថា ការដាក់ពង្រាយយោធារបស់ខ្លួននៅក្នុងតំបន់ គឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ប៉ុន្តែ វេណេស៊ុយអេឡាបារម្ភថា ជាការប៉ុនប៉ងដើម្បីកម្ចាត់ប្រធានាធិបតីរបស់ខ្លួន គឺ លោក Nicolas Maduro៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
