កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយដល់និស្សិត ស្តីពី កម្ពុជា ឆ្ពោះទៅបញ្ចប់អេដស៍ និងផលប៉ះពាល់ដោយជំងឺមិនឆ្លង
(ភ្នំពេញ)៖ ក្នុងដំណើរឈានឆ្ពោះទៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ក្រោមមូលបទ៖ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ “Overcoming disruption, transforming the AIDS response” ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី “កម្ពុជាឆ្ពោះទៅបញ្ចប់អេដស៍ និង ផលប៉ះពាល់ដោយជំងឺមិនឆ្លង” ជូនដល់សាស្ត្រាចារ្យ គណៈគ្រប់គ្រង បុគ្គលិក យុវជន និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាស្ត្រាចារ្យ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
លោក សាត ចន្ទ្រា ប្រធានក្លឹប បានឱ្យដឹងថា ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបង្កើតនៅឆ្នាំ២០១៥ ដែលមកដល់ពេលនេះមានយុវជនដែលបានឆ្លងកាត់ក្លឹបមានជាង ២ពាន់នាក់ ហើយបច្ចុប្បន្ន មានចំនួន ២៥០នាក់ ។
ក្រៅពីធ្វើសកម្មភាពអនុវត្តតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាហើយនោះ ក្លឹបបានបង្កើតឱ្យមានក្រុមបង្គោលធ្វើសកម្មភាពមិត្តអប់រំមិត្ត មិត្តជួយមិត្ត ដោយយកអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកខ្លាំងបង្រៀនអ្នកខ្សោយ។
ឯកឧត្តម រឿត សុខុន នាយករង នាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា បានធ្វើបទបង្ហាញអំពីគោរមងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ១៧ វិច្ឆិកា ២០០៦ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និង កុមារ ២១ កុម្ភៈ ឆ្នាំ២០១១។
លោកបណ្ឌិត វ៉ា សុភ័ក្ត្រ លេខាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ធ្វើបទបង្ហាញអំពីមូលបទ៖ យកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ ក្នុងដំណើរឈានឆ្ពោះទៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ព្រមទាំងបានលើកពីការឆ្លងថ្មី នៃមេរោគអេដស៍ក្នុងចំណោមយុវវ័យ, ក្រុមប្រជាជនគន្លឹះក្នុងសង្គម, ក្រុមប្រជាជនគន្លឹះ តាមខេត្ត និងអត្រាប្រេវ៉ាឡង់ នៃជំងឺកាមរោគ ក្នុងចំណោមក្រុមប្រឈម ៕







ដោយ / គ្រី សម្បត្តិ