ធ្លាក់យន្តហោះយោធាមួយគ្រឿងរបស់តួកគី ផ្តាច់ជីវិតមនុស្ស ២០នាក់
ហ្សកហ្ស៊ី ៖ អាជ្ញាធរតួកគីបានរាយការណ៍នៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ បន្ទាប់ពីសោកនាដកម្មធ្លាក់យន្តហោះយោធាមួយគ្រឿងរបស់តួកគីនៅលើទឹកដីប្រទេសហ្សកហ្ស៊ី តាមផ្លូវហោះហើរវិលត្រឡប់មកពីប្រទេសអាស៊ែបៃហ្សង់ឆ្ពោះទៅកាន់ប្រទេសតួកគីវិញ កាលពីថ្ងៃអង្គារ។
ក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា យន្តហោះយោធាមួយគ្រឿងនោះបានចាកចេញពីអាកាសយានដ្ឋាន Ganja ស្ថិតនៅភាគខាងលិចប្រទេសអាស៊ែបៃហ្សង់ កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីហោះហើរមិនបានប៉ុន្មានផង ស្រាប់តែជួបគ្រោះថ្នាក់ធ្លាក់ ក្រោយហោះឆ្លងកាត់ចូលព្រំដែននៅភាគខាងកើតប្រទេសហ្សកហ្ស៊ីតែម្តង។
ហើយជាអកុស្យល អ្នកដំណើរទាំង ២០នាក់នៅលើយន្តហោះនោះ រួមទាំងសហសេវិកយន្តហោះបានស្លាប់បាត់បង់ជីវិតទាំងអស់។ ភ្លាមៗ អាជ្ញាធរតួកគីនៅមិនទាន់បញ្ជាក់អំពីមូលហេតុបណ្តាលឱ្យយន្តហោះយោធានោះធ្លាក់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការនៅទីតាំងកើតហេតុមានចម្ងាយប្រហែល ៥គីឡូម៉ែត្រពីព្រំដែនហ្សកហ្ស៊ី-អាស៊ែបៃហ្សង់។
សូមបញ្ជាក់ផងដែរថា យន្តហោះយោធាមួយគ្រឿងដែលធ្លាក់នោះ មានឈ្មោះថា C-130 Hercules ផលិតដោយក្រុមហ៊ុន Lockheed Martin ជាប្រភេទយន្តហោះដឹកជញ្ជូនកងទ័ព និងគ្រឿងសព្វាវុធយោធា ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសជុំវិញពិភពលោក៕




ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា