BYD ដាក់មហិច្ឆតាលក់ឡាននៅបរទេសឱ្យបាន ១,៦លានគ្រឿងនៅឆ្នាំ ២០២៦
ប៊ែរឡាំង ៖ ក្រុមហ៊ុនផលិតឡានអគ្គិសនីខ្នាតយក្សរបស់ចិន BYD ដាក់គោលដៅប្រកបដោយមហិច្ឆិតាលក់ឡានលើទីផ្សារបរទេសក្រៅពីប្រទេសចិនឱ្យបាន ១,៦លានគ្រឿងនៅឆ្នាំ ២០២៦ ពោលគឺជំរុញសន្ទុះលក់ឱ្យកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន Citi នៅថ្ងៃអង្គារ។

បើតាមកិច្ចប្រជុំរបស់គណៈគ្រប់គ្រងក្រុមហ៊ុន BYD, គោលដៅប្រកបដោយហិច្ឆិតានេះព្យាករថា ការលក់ឡាននៅលើទីផ្សារបរទេសនឹងមានចំនួនចាប់ពី១,៥ទៅ១,៦លានគ្រឿង តួលេខនេះ កើនឡើងលើសពីការរំពឹងទុកដែលមានចាប់ ៩០០,០០០ទៅ១លានគ្រឿង ដែលជំរុញដោយការចេញលក់ឡានម៉ូដែលថ្មីៗ។
បើតាមរបាយការណ៍របស់ Citi, កំណើននៃការលក់ឡាននៅក្រៅប្រទេសរបស់ BYD មានតុល្យភាពនៅក្នុងតំបន់ផ្សេងៗគ្នា ដោយទីផ្សារអឺរ៉ុប អាមេរិកខាងជើង និងអាស៊ានមានចំនួនមួយភាគបីនៃការលក់ឡាននៅបរទេសសរុបប្រចាំឆ្នាំ ២០២៥។
ទន្ទឹមគ្នា ក្រុមហ៊ុន BYD ក៏បានកាត់បន្ថយគោលដៅលក់ក្នុងឆ្នាំ ២០២៥ ចំនួន ១៦ភាគរយមកនៅត្រឹម ៤,៦លានគ្រឿងទូទាំងទីផ្សារពិភពលោក បន្ទាប់ពីការលក់ឡានលើទីផ្សារក្នុងស្រុកបានដាំក្បាលចុះយ៉ាងគំហុកក្នុងពេលប៉ុន្មានខែថ្មីៗនេះ។
មូលហេតុការលក់លើទីផ្សារក្នុងស្រុកធ្លាក់ចុះ គឺដោយសារតែ BYD កំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង ពីគូប្រជែងក្នុងស្រុក មានដូចជាក្រុមហ៊ុន Geely និង Leapmotor ក្នុងផ្នែករថយន្តមានតម្លៃទាប៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
