សួនរុក្ខជាតិអង្គរ ក្នុងក្រុងសៀមរាប ទទួលបានអ្នកទស្សនាចំនួនជាង ៦ សែននាក់
(ភ្នំពេញ)៖ «សួនរុក្ខជាតិអង្គរ» ជារមណីយដ្ឋាន កែច្នៃមួយ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលមានរុក្ខជាតិប្រមាណជាង ៥០០ប្រភេទ និងសត្វជាច្រើនប្រភេទសម្រាប់ទស្សនាមិនឱ្យនឿយណាយ។
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា៖ក្រោយពីបានបើកសម្ពោធដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២មក សួនរុក្ខជាតិអង្គរ ឬដែលគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរាខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាគោលដៅទេសចរណ៍បន្ថែមដ៏ពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាសួនរុក្ខជាតិនេះបើកឱ្យចូលទស្សនាដោយឥតបង់ថ្លៃសម្រាប់សាធារណជនទូទៅ មិនថាក្មេងចាស់ប្រុសស្រី បរទេសឬខ្មែរ ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងគិតគូរដល់សុខមាលភាពរបស់ប្រជាជន និងទេសចរ ឱ្យមានកន្លែងបៃតងដ៏ធំទូលំទូលាយ ខ្យល់អាកាសបរិសុទ្ធដកដង្ហើម សម្រាប់ជាកន្លែងដើរកំសាន្ត ហាត់ប្រាណ និងទទួលបាននូវចំណេះដឹងពីធម្មជាតិ និងជីវសាស្រ្តចម្រុះនៃប្រទេសកម្ពុជា។
ក្នុងរយៈពេល ៣ឆ្នាំមកនេះ សួន ដែលមានលក្ខណៈធម្មជាតិ ដោយបានលាតសន្ធឹងលើផ្ទៃដីជិត ២០០ ហិកតា ក្នុងតំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក និងមានទំហំធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា បានឆក់យកបេះដូងភ្ញៀវជាតិ និងអន្តរជាតិ ចំនួនប្រមាណ ៦០ ម៉ឺននាក់ឱ្យមកដើរគយគន់ ទស្សនា និងសិក្សាស្វែងយល់ពីប្រភេទរុក្ខជាតិ និងសត្វដ៏សម្បូរបែបរបស់ប្រទេសយើង៕













ដោយ ៖ ម៉ាដេប៉ូ