វេណេស៊ុយអេឡាដាក់ពង្រាយយោធាទ្រង់ទ្រាយធំត្រៀមទប់ទល់អាមេរិក
ការ៉ាកាស់ ៖ ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃអង្គារ ប្រកាសដាក់ពង្រាយយោធាទ្រង់ទ្រាយធំទូទាំងប្រទេស ស្ថិតក្នុងគោលបំណងទប់ទល់ការគំរាមកំហែងពីវត្តមានកងទ័ពជើងទឹកអាមេរិកនៅឯឆ្នេរសមុទ្ររបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិវេណេស៊ុយអេឡាបានប្រកាសពីការដាក់ពង្រាយយោធាទ្រង់ទ្រាយធំមិនធ្លាប់មាន ក្នុងនោះរួមមានកងទ័ពជើងគោក សមុទ្រ អាកាស ទន្លេ និងប្រព័ន្ធមីស៊ីល ក៏ដូចជាកងជីវពលស៊ីវិលផងដែរ។

ចំណាត់ការរបស់វេណេស៊ុយអេឡាកើតឡើងចំពេលដែលអាមេរិកកំពុងធ្វើយុទ្ធនាការយោធាមួយនៅក្នុងតំបន់ការ៉ាប៊ីន និងតំបន់ប៉ាស៊ីហ្វិកខាងកើត ដោយដាក់ពង្រាយកងទ័ពជើងទឹក និងកងទ័ពជើងអាកាស ក្រោមហេតុផលទប់ស្កាត់ការជួញដូរគ្រឿងញៀន។
ប៉ុន្តែយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់អាមេរិកនេះ បានធ្វើឱ្យវេណេស៊ុយអេឡាព្រួយបារម្ភខ្លាំងថា អាចជាចេតនារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងផ្តួលរលំរបបដឹកនាំរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។
តួយ៉ាង កាលពីសប្តាហ៍មុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហើរពីវោហាសាស្រ្តផ្ទុះសង្គ្រាមជាមួយវេណេស៊ុយអេឡា ដោយលោកបាននិយាយថា ថ្ងៃរបស់លោកប្រធានាធិបតី ម៉ាឌូរ៉ូ ជិតអស់ហើយ។

គួរបញ្ជាក់ថា នាវាចម្បាំងអាមេរិកចំនួន៨គ្រឿង នាវាមុជទឹកនុយក្លេអ៊ែរមួយគ្រឿង និងយន្តហោះ F-35 ស្ថិតនៅក្នុងតំបន់ការ៉ាប៊ីនរួចហើយ។ ការបញ្ជូនកម្លាំងយោធាអាមេរិកកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយវេណេស៊ុយអេឡា និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងគ្រឿងញៀន។
គិតមកទល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារទូកយ៉ាងហោចណាស់ ២០គ្រឿងនៅក្នុងដែនទឹកអន្តរជាតិចាប់តាំងពីដើមខែកញ្ញា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៦នាក់ នេះបើយោងតាមតួលេខរបស់សហរដ្ឋអាមេរិក។
យ៉ាងណាមិញ អាមេរិកមិនទាន់បានបញ្ចេញភស្តុតាងដែលបង្ហាញថា ទូក ឬកប៉ាល់ទាំងនោះត្រូវបានប្រើប្រាស់ដើម្បីរត់ពន្ធគ្រឿងញៀន ឬបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកនៅឡើយទេ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
